ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចំណាយពេលជិត២ថ្ងៃដើម្បីយករថយន្តធុនធំ១គ្រឿងជួបគ្រោះធ្លាក់ផ្លូវលើភ្នំបូក​គោ ទំរាំយកសពអ្នកបើកបរបាន​

ចែករំលែក៖

​ខេត្តកំពត ៖ ករណី​រថយន្ត​ធុន​ធំ១គ្រឿងមាន​ដឹក​គ្រែ​​និង​ដឹក​សម្ភា​រៈផ្សេង​ទៀត ​ធ្វើដំណើរ​​ចុះ​ពីលើ​ភ្នំ​បូកគោ​ បាន​បើក​ធ្លាក់​​ផ្លូវធ្លាក់ចុះ​ទៅ​ក្រោម​ប្រហែល​ ៥០ម៉ែត្រ​កាលពី​វេលា​ម៉ោង​៦ល្ងាចថ្ងៃ​ទី​០៩ ខែឧសភា​ ឆ្នាំ​២០២៦។​ 

បន្ទាប់ពីកើតហេតុ មិន​អាច​យកស​ពអ្នកបើកបរមក​ធ្វើបុណ្យ​បាន​ភ្លាម​ៗ​នោះ​ទេ​ដោយសា​រតែ​ភ្លៀង​ធ្លាក់​ជោកជាំ​ខ្លាំង​ ពិបាក​ក្នុង​​ការចុះ​ទៅ​យក ។ ​តែដោយសារ​​ការ​អន្ទះសា​របស់​ក្រុម​គ្រួសារ​សាច់​ញាតិ​ជនរងគ្រោះក៏​​បាន​ជួល​ក្រុម​កម្មក​រជំនាញ​ចុះ​ទៅ​កាត់​ដែក​រថយន្ត​ដែលគាប​ជាប់​អ្នកបើកបរ ហើយ​​យក​សព​ចេញ​មកបាន​នៅ​វេលា​ម៉ោងជិត៤ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែឧសភា​ ឆ្នាំ២០២៦។​

​ជន​រង​គ្រោះ​ឈ្មោះ​ព្រំ​ ចាន់​ថន​ ភេទប្រុស អាយុ​៤២ឆ្នាំ​ ជាអ្នកបើកបររថយន្ត រស់​នៅ​ភូមិ​កោះ​ម៉ាក់​ប្រាំង​ ឃុំ​បឹង​សាលា​ខាងជើង​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។ រថយន្តធុនធំមួយគ្រឿងដែល​ជួបគ្រោះថ្នាក់ខាងលើ ពាក់ស្លាកលេខ ភ្នំពេញ 3C-1231 ។​

​សព​ត្រូវ​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​​នៅ​ឯ​ផ្ទះជនរងគ្រោះក្នុង​​ភូមិ​កោះ​ម៉ាក់​ប្រាំង​ ។

បច្ចប្បន្ន ​រថយន្ត១គ្រឿងខាងលើ​ត្រូវបាន​ទុក​​ចោល​នៅ​កន្លែងកើតហេតុនៅ​ភ្នំ​បូកគោ​ ចំណែក​​មូល​ហេតុ​នៃគ្រោះថ្នាក់នេះគឺអាចបណ្តាលមក​ពី​រថយន្ត​​ដាច់ហ្វ្រ័ងផង​ក៏មិនដឹង ព្រោះមានការ​សន្និដ្ឋាន​​ខុស​ៗ​គ្នា​ ។ ម្យ៉ាងទៀត​អ្នកបើកបរ​នៅ​ក្នុង​រថយន្ត​នោះ​មាន​តែ​ម្នាក់ឯង​ ៕​

ដោយ៖ សូរិយា


ចែករំលែក៖