ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋសភាកម្ពុជា បានសម្រេច អនុ ម័ត ជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដោយសំឡេងគាំទ្រទាំងស្រុង ពោលគឺគាំទ្រ ១១៤ លើ១១៤ សំឡេង។
ក្រោយសម្រេចអនុម័ត សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាជាតិ ពិភាក្សា និងអនុម័តបន្ត។
សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» មាន៨ជំពូក និង ២០មាត្រា ត្រូវបានរាជរដ្ឋា ភិបាលកម្ពុជា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ដោយកែសម្រួលរយៈពេល ១៨ខែ កែទៅរយៈពេល២៤ ខែវិញ ដូចការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន ហើយប្រជា ពល រដ្ឋខ្មែរទាំង២ភេទ មានអាយុ ១៨ឆ្នាំដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។ ការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។
តាមផែនការសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» នឹងចាប់ផ្ដើមអនុវត្តនៅ ឆ្នាំ ២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនមានអាយុ ១៧ឆ្នាំ ចំពោះអ្នកមិនជាប់ កាតព្វកិច្ចយោធាមាន ព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ ) ប្រជាជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់។
រាជរដ្ឋាភិបាលកម្ពុជា យល់ថាការកែសម្រួលច្បាប់ថ្មីនេះ នឹងងាយស្រួលក្នុងការរើសកងទ័ព ដែលអាចជ្រើសរើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធា។ចំណែកអ្នកមិនត្រូវបានជ្រើសរើស ក៏អាចចូលទៅក្នុងសង្គម ដែលយ៉ាងហោចណាស់ក៏គាត់ជាមនុស្សដែលបានអប់រំ បណ្តុះបណ្តាល មានវិន័យ ហើយបើសិនជាពលរដ្ឋមិនបានបណ្តុះបណ្តាលតាមរយៈការបំពេញកាតព្វកិច្ចយោធាទេ នោះគាត់អាចជាមនុស្សផ្សេង ដែលបង្កបញ្ហាដល់សង្គមជាដើម ។
“កិច្ចការពារជាតិ មិនមែនភារកិច្ចតែរាជរដ្ឋាភិបាលតែម្នាក់ឯងនោះទេ តែកិច្ចការនេះពិតជាទាមទារដាច់ខាតពីការចូលរួមចំណែកគ្រប់ភាគី និង គ្រប់កោសិការ តាំងពីវិស័យឯកជន និង ប្រជាពលរដ្ឋគ្រប់រូប ដោយប្រកបស្មារតីស្នេហាជាតិខ្ពស់ ចំពោះកងទ័ព”ប្រសាសន៍សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃទី ១២ ឧសភា ២០២៦ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច