ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកគ្រួសារ២១នាក់រស់ជួបជុំគ្នាក្នុងលំនៅដ្ឋាន១ខ្នងត្រូវអគ្គិភ័យឆេះបំផ្លាញទាំងស្រុងដោយឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តកណ្តាល៖ លំនៅដ្ឋាន១ខ្នងដែលមានសមាជិកក្នុងគ្រួសាររស់នៅជុំគ្នាចំនួន ២១នាក់ បានរងការឆាបឆេះអស់ទាំងស្រុង ដែលបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្លាយជាអគ្គិភ័យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី១២ខែឧសភាឆ្នាំ២០២៦ នៅចំណុចភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកវរសេនីយ៏ឯក អៀង ធារី នាយការិយាល័យបង្ការ ពន្លត់និងសង្គ្រោះអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អ៊ិត ម៉ក់ ភេទប្រុស អាយុ៥៩ឆ្នាំ និងប្រពន្ធឈ្មោះ ទូច ហន  អាយុ៧១ឆ្នាំ មុខរបរលក់បាយម្ហូបសម្រាប់កម្មករកម្មការិនីរោងចក្រ និងមានសមាជិករស់នៅជុំគ្នារហូតចំនួន២១នាក់(ស្រី០៩នាក់)ក្នុងលំនៅដ្ឋាននាភូមិសង្កាត់កើតហេតុ ។

សម្ភារ:ខូចខាតរួមមាន៖ ផ្ទះ០១ខ្នង ទំហំ១០ម×១០មធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងឈើលាយសង្ក័សី រៀបបេតុងផ្នែកក្រោមផ្ទះពាក់កណ្ដាល ឆេះខូចខាតអស់ទាំងស្រុង, គ្រឿងអលង្ការ(ផ្លាទីន ០១ជី), ទូរស័ព្ទស្មាតហ្វូនចំនួន០៦គ្រឿង (សាកថ្មលើផ្ទះ ), កុំព្យូទ័រឌីសថប់ ចំនួន០១គ្រឿង, សម្ភារ: សម្លៀកបំពាក់, ឯកសារប្រើប្រាស់សម្គាល់ខ្លួន ត្រូវឆេះខូចខាតទាំងអស់, បាយវេចខ្ចប់រួច មុខម្ហូបជាច្រើនមុខដែលត្រៀមលក់ជូនកម្មករកក៏ត្រូវភ្លើងឆេះរោលខូចខាតអស់ទាំងស្រុង ។

ស្ត្រីជាម្ចាស់ផ្ទះឈ្មោះ ទូច ហន បានបំភ្លឺជូនសមត្ថកិច្ចថា គាត់នៅខាងក្រោមផ្ទះបានឃើញភ្លើងចាប់ផ្តើមឆេះពីទីតាំងកន្លែងបារ៉ែតភ្លើងសម្រាប់ចែកចាយភ្លើងនៅលើផ្ទះ ពោលគឺឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង) ព្រោះខ្សែភ្លើងតមានព្រីបំបែកមានសភាពចាស់ទើបឆ្លងចរន្តឆេះរាលដាលតែម្តង។ នៅក្នុងហេតុការណ៍អគ្គ្គិភ័យនេះដែរ គឺបណ្តាលឱ្យរងរបួសសមាជិកគ្រួសារម្នាក់ឈ្មោះ អ៊ិត បូរិត ភេទប្រុស អាយុ២៦ឆ្នាំមានស្នាមរលាកត្រង់ស្មាខាងឆ្វេងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។

លោកនាយការិយាល័យបានបញ្ជាក់ថា លំនៅដ្ឋានដែលឆេះគឺនៅឆ្ងាយពីផ្លូវជាតិចម្ងាយ១០០ម៉ែត្រ ហើយផ្លូវតូចចង្អៀតមិនអាចចូលរថយន្តពន្លត់អគ្គិភ័យបាន ដោយត្រូវប្រើបច្ចេកទេសតទុយយោ ចូលទៅអន្តរាគមន៍បាញ់ទឹកពន្លត់ គឺប្រើប្រាស់មធ្យោបាយជួយសង្គ្រោះរថយន្តពន្លត់អគ្គិភ័យ០២គ្រឿងនៃស្នងការដ្ខានខេត្តកណ្ដាល ប្រើទឹកអស់០២សុីទែន ទើបអាចគ្រប់គ្រងបានទាំងស្រុង ដោយមិនរាលដាលទៅលំនៅដ្ឋានអ្នកជិតខាងឡើយ ហើយភ្លើងបានរលត់នៅវេលាម៉ោង១១និង២០នាទីថ្ងៃខែឆ្នាំដដែល៕


ចែករំលែក៖