ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រ ប៉ះទង្គិចជាមួយម៉ូតូសិស្សសាលា ២នាក់ នៅស្រុកសំរោងទង បណ្ដាលឲ្យរងរបួសស្រាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត ឡើងរវាងរថយន្តកុងតឺន័រ និងម៉ូតូសិស្សសាលាជិះគ្នា២ នាក់ បណ្ដាលឲ្យរងរបួសស្រាល នៅលើកំណាត់ផ្លូវលេខ៤១ ស្ថិតក្នុងភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿង ជិះដោយសិស្សសាលា ២នាក់ ធ្វើដំណើរតាមដងផ្លូវលេខ៤១ ខណៈមកដល់ចំណុចកើតហេតុ ក៏បានប៉ះទង្គិចជាមួយរថយន្តកុងតឺន័រ បណ្ដាលឲ្យអ្នកជិះម៉ូតូទាំងពីររងរបួសស្រាល និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ បានចុះទៅអន្តរាគមន៍ និងពិនិត្យទីតាំង ដើម្បីសម្រួលចរាចរណ៍ ព្រមទាំងធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះ អាជ្ញាធរ និងសមត្ថកិច្ច ក៏បានអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ជាពិសេសរថយន្តធុនធំ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈអ្នកប្រើប្រាស់ផ្លូវ ជាពិសេសសិស្សានុសិស្ស ក៏ត្រូវគោរពច្បាប់ចរាចរណ៍ និងបើកបរដោយប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ៕

ដោយ៖ សូរិយា


ចែករំលែក៖