ភ្នំពេញ ៖ ពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ៖ អ្នកចូលរួមប្រមាណ ៨ពាន់ រួមទាំងរូបខ្ញុំ ពិតជាមានមោទនភាពចំពោះស្មារតីកីឡាដែលប្អូនៗបានបង្ហាញ ពិសេសការប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងវគ្គផ្តាច់ព្រ័ត្ររវាង វិទ្យាល័យឥន្ទ្រទេវី និង វិទ្យាល័យជាស៊ីមសាមគ្គី ព្រមទាំងភាពកក់ក្តៅនៃការគាំទ្រលើកទឹកចិត្ត។ កីឡាករគ្រប់រូប បានបង្ហាញនូវឆន្ទៈ ការតាំងចិត្តខ្ពស់ និងការគោរពវិន័យខ្ជាប់ខ្ជួន និងប្រកាន់នូវស្មារតីយោគយល់ អធ្យាស្រ័យ និងសាមគ្គីភាពជាមិត្តភាព។ ប្រាកដណាស់ ប្អូនៗម្នាក់ៗ ពិតជាធ្វើបានយ៉ាងល្អ និងខិតខំអស់ពីសមត្ថភាព ក្នុងការប្រកួតនេះ។
លោកបន្តថា ៖ នាថ្ងៃនេះ ក៏បានធ្វើឱ្យខ្ញុំនឹកដល់អនុស្សាវរីយ៍កាលពីអតីតកាល ដែលគួររំលេចផងដែរថា នៅពេលដែល ពុក បានចាកឆ្ងាយពីស្រុកកំណើត មករស់នៅរាជធានីភ្នំពេញ ដោយស្នាក់នៅវត្តនាគវ័ន គឺវិទ្យាល័យឥន្ទ្រទេវីនេះហើយ ជាកន្លែងដែលពុកបានបន្តការសិក្សា។
ឆ្លៀតឱកាសនេះ សូមអរគុណ និងអបអរសាទរដល់ ស.ស.យ.ក. រាជធានីភ្នំពេញ និងដៃគូទាំងអស់ ចំពោះការរៀបចំ និងភាពជោគជ័យនៃពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡានេះ។ លើសពីការប្រកួត កម្មវិធីនេះ បានរួមចំណែកអភិវឌ្ឍសមត្ថភាព និងបណ្តុះទម្លាប់ល្អ ការងារជាក្រុម និងភាពទទួលខុសត្រូវរបស់យុវជន ព្រមទាំងជំរុញសកម្មភាពកីឡាតាមគ្រឹះស្ថានសិក្សាកាន់តែរស់រវើក និងបន្តរួមចំណែកអភិវឌ្ឍកីឡាបាល់ទាត់ ស្របតាមទិសស្លោក «កូនល្អ សិស្សល្អ មិត្តល្អ កីឡាករគំរូ សាលារៀនស្អាត» ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច