ភ្នំពេញ ៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីត យុទ្ធជន និវត្តជន និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ អនុលោមតាមស្មារតីនៃអនុក្រឹត្យលេខ១៤៥ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្តីពីទិវា អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែក យ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រ កម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជន។ នេះជាសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។
សម្តេចធិបតីបន្តថា ៖ សង្គ្រាមដែលបង្កឡើងដោយជនក្បត់ជាតិឃុបឃិតជាមួយបរទេស បានបណ្តាលឱ្យមានវិនាសកម្មនិងបង្កើត ឱ្យមានរបបប្រល័យពូជសាសន៍ ប៉ុលពត ព្រមទាំងបានបំផ្លិចបំផ្លាញសង្គម សេដ្ឋកិច្ចឱ្យខ្ទេចខ្ទីដល់ឫសគល់ ថែមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជនដែលជាជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជន ពលីមរណៈជាច្រើន។ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាពនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាអតីតមន្ត្រីរាជការស៊ីវិលឱ្យបានល្អប្រសើរជាបន្តបន្ទាប់។ ប៉ុន្តែថ្មីៗនេះ សកម្មភាពខុសច្បាប់របស់ កងកម្លាំងប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាចូលហួសខ្សែបន្ទាត់ព្រំដែន ដោយបាន បើកប្រតិបត្តិការវាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើងក្នុងទឹកដីកម្ពុជាដោយយោធា ដែលបានគិតទុកជាមុន និងជាប្រព័ន្ធមកលើទីតាំងជាច្រើនតាមបណ្តោយព្រំដែន ដែលមានការទទួលស្គាល់ជាអន្តរជាតិ។ សកម្មភាពយោធា ថៃប្រកបដោយអរិភាពនៅតាមបណ្តោយព្រំដែននិងនៅក្នុងទឹកដីកម្ពុជា បានវាយកម្ទេចសំណង់ស៊ីវិល ផ្ទះសម្បែង របស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយបន្តបិទសិទ្ធិរបស់ជនភៀសសឹកកម្ពុជាជាច្រើនមិនឱ្យត្រឡប់ទៅ លំនៅឋានវិញ គឺជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់ មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ តែទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនការយកចិត្ត ទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាដល់យុទ្ធជនពលី ប្រជាជនស្លូតត្រង់ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ទាំងតាមរយៈ ព្រឹត្តិការណ៍ដែលបានកើតឡើងពីអតីតកាលក៏ដូចជាបច្ចុប្បន្ន។ គ្រប់ស្ថាប័នរដ្ឋ ឯកជន និងប្រជាជនទូទៅ បានបង្ហាញ នូវសាមគ្គីភាពជាធ្លុងមួយក្នុងការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈនិងស្មារតីដល់វីរៈកងទ័ពនិងជនភៀសសឹក និងបាន ផ្តល់អាទិភាពដល់បងប្អូនអតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ រួមទាំងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច