ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកមន្រ្តីរាជការឲ្យយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើជាតិនិងប្រជាជនឲ្យបានល្អប្រសើរ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តស្វាយរៀងចំនួន១,៣០២នាក់ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទាក់ទងនឹងមន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃដែលរដ្ឋាភិបាលគួរចាត់វិធានការដើម្បីព្រមានមន្ត្រីខិលខូចនោះហើយសម្តេចបានបង្ហាញនូវការហួសចិត្តចំពោះមន្ត្រីកាំកុងត្រូលខេត្តបាត់ដំបងដែលទៅប្រកាសថាទុរេននោះជាទុរេនខេត្តកំពង់ចាម ដោយសម្ដេចបានចោទជាសំណួរថាហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូចខណៈដែលជនខិលខូចបានសារភាពថាបាននាំចូលពីប្រទេសថៃ។ បញ្ហានេះមិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចបានស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូលដែលកុហករឿងទុរេននាំចូលនេះដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឱ្យពូកែកុហកថ្នាក់លើនិងប្រជាជន។

សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនឱ្យបានល្អប្រសើរជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿននិងរហ័ស។ សម្តេចក៏បានជំរុញឱ្យពន្លឿនការផ្តល់សេវាលើការធ្វើបណ្ណកម្មសិទ្ធិដីធ្លីឱ្យជាពលរដ្ឋឱ្យកាន់តែលឿនថែមទៀតដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់នៅមូលដ្ឋាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តរំលឹកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន។ សម្តេចបន្តថា ក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះ សម្តេចបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិនិងទឹកដី។ សម្តេចបានសង្កត់ធ្ងន់ថា យុទ្ធជនបានយកទ្រូងរបស់ពួកគេទៅការពារជាតិ ការពារទឹកដីនិងប្រជាជន តើហេតុអ្វីមន្ត្រីមិនអាចចែករំលែកក្តីស្រលាញ់ទៅដល់ពួកគេ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញនិងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។ សម្ដេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ចៀសវាងភាពអសកម្មឬការគៀបសង្កត់ណាមួយនិងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ត្រូវធ្វើជាមន្ត្រីជើង២ មិនត្រូវធ្វើជាមន្ត្រីជើង១០ឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកឱ្យអាជ្ញាធរខេត្តស្វាយរៀងត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមព្រំដែនជាមួយប្រទេសវៀតណាមដើម្បីបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖