ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ផ្ទះ៣ខ្នង ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា៣នាក់ នៅឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលក្នុងនោះមាន២នាក់ ជាអតីតយុទ្ធជនពិការ និងម្នាក់ជាគ្រួសារជនពលី។
ពិធីនេះមានការចូលរួមពី លោក អ៊ុក ឃ្នួច ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ក្រុមការងារ ស.អ.ក ខេត្ត លោកអភិបាលរងស្រុក លោកប្រធាន អនុប្រធានទាំងបី របស់ ស.អ.ក ស្រុកសំពៅលូន លោកប្រធានកិត្តិយស សាខាឃុំជ្រៃសីម៉ា លោកមេភូមិ អាជ្ញាធរដែនដី លោក លោកស្រី សមាជិក សមាជិកាសរុប៥២នាក់ផងដែរ ។
លោកអភិបាលរងស្រុកសំពៅលូនបានមានប្រសាសន៍ថា សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង៣នាក់ ដែលទីទ័លក្រ និងគ្មានទីជំរកសមរម្យ រស់នៅឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះ ២នាក់ ជាជនពិការ ឈ្មោះ មាស ឈឿន អាយុ៥៦ឆ្នាំ រស់នៅភូមិរស្មី ទី២-ឈ្មោះ ឈុន នឿន អាយុ ៥៩ឆ្នាំ រស់នៅភូមិស្ពានយោល និងទី៣- មានឈ្មោះ ម៉ន លី ភេទស្រី អាយុ៥៦ឆ្នាំ ជាគ្រួសារសមាជិកជនពលី រស់នៅភូមិស្ពានយោល ទទួលបានផ្ទះ១ខ្នងៗមានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋកម្ពស់១ម៉ែត្រ ដែលបានចាប់សាងសង់ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦។
ក្រៅពីអំណាយជាផ្ទះប្រតិភូក៏មានគ្រឿងឧបភោគបរិភោគចែកជូនគ្រួសារទាំងនោះផងដែរដោយ ក្នុង១គ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម។ ក្នុងនោះដែរលោក អ៊ុក ស៊ីវត្ថា និងលោកស្រី បានឧបត្ថម្ភ ក្នុងម្នាក់ៗទទួលបាន ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ៤យួរ ប្រេងឆា២ដប ឆ្នាំង ចាន មុង១ ភួយ១ និងកន្ទេល១។ ដោយឡែក នាយឧត្តមសេនីយ៍គន់ គីម ក៏បានផ្តល់ជូនអតីតយុទ្ធជន២២នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ៥ម៉ឺនរៀល និងបានប្រគល់លិខិតថ្លែងអំណរគុណ ដល់សប្បុរសជន២នាក់ ដែលបានឧបត្ថម្ភដី សម្រាប់សាងសង់ផ្ទះ ជូនអតីតយុទ្ធជន ខាងលើនេះផងដែរ ៕ ប្រាថ្នា