ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជម្លោះ ខ្មែរ-ថៃ បើនិយាយពីទូក និងសេះ ក៏ត្រូវប្រយ័ត្នត្រីបកដែរ។ នេះជាពាក្យប្រៀបធៀបមានន័យជ្រាលជ្រៅ អំពីការប្រុងប្រយ័ត្នចំពោះហានិភ័យតូចៗ ដែលអាចបង្កផលប៉ះពាល់ធំបាន ប្រសិនបើមើលរំលង។
នៅក្នុងកិច្ចពិភាក្សាពិសេសក្រោមប្រធានបទ «ជន្នះរស់ដោយមោទនភាព នាមជាខ្មែរ» លោកបានពន្យល់យ៉ាងលម្អិតអំពីរបៀបធ្វើការរវាងមន្ត្រីជំនាន់ចាស់ និងមន្ត្រីជំនាន់ថ្មី ដោយផ្តោតលើសីលធម៌ វិន័យ ការយោគយល់គ្នា និងការសង្គ្រោះគ្នាទៅវិញទៅមក។
លោក ខៀវ កាញារីទ្ធ បានលើកឡើងនូវគំនិតជាច្រើន ដែលជក់ចិត្ត និងដិតអារម្មណ៍ ជាពិសេសការបន្ថយសម្ភារនិយម ការបន្សុទ្ធខ្លួនឯង និងការបន្សាំខ្លួនឱ្យអាចរស់នៅបាន ក្នុងកាលៈទេសៈដ៏លំបាក។
លោកបន្តថា មនុស្សវ័យក្មេងមិនគួរខ្ចីលុយគេទៅទិញឡាន ដើម្បីបង្ហាញភាពហ៊ឺហា ឬចង់ឱ្យគេមើលថាខ្លួនមាននោះទេ ព្រោះតម្លៃពិតប្រាកដ មិនស្ថិតនៅលើសម្ភារៈខាងក្រៅឡើយ។ លោកបញ្ជាក់ថា កម្លាំងស្នូលនៃសង្គម និងយុវជន គឺការកសាងជំនឿចិត្ត ការយោគយល់គ្នា និងការជួយគ្នាក្នុងគ្រាលំបាក៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច