ភ្នំពេញ៖ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបសាធារណជនជ្រាបថា នៅពេលថ្មីៗនេះ ស្ថាន ឯកអគ្គរាជទូតបានសង្កេតឃើញមានការបង្ហោះសារជាអក្សរ និងជាវីដេអូ ដោយបានជជែកវែកញែកជាហូរហែ ពាក់ព័ន្ធនឹងប្រភពរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ប្រភពដើម ថាជាទំនិញរបស់កម្ពុជានៅលើផលិតផលថៃ។ ពាក់ព័ន្ធនឹងករណីនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋ កូរ៉េ សូមធ្វើការបំភ្លឺដូចខាងក្រោម៖
១. ផ្លែស្វាយដែលមានម៉ាកយីហោ «Romdoul» (រំដួល) ដែលកំពុងត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េ គឺ ពិតជាមានប្រភពដើមមកពីកម្ពុជា ១០០% និងត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលំដាប់អន្តរជាតិ Hyundai Corporation របស់សាធារណរដ្ឋកូរ៉េ ដែលបានបោះទុនវិនិយោគនៅប្រទេសកម្ពុជា។
២. ពាក់ព័ន្ធនឹងករណីប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ ស្ថានឯកអគ្គរាជទូត បានចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត ដើម្បីស្រាវជ្រាវ និងបានទៅដល់ទីតាំង ម៉ាត ដែលបានដាក់លក់ផលិតផលផ្លែស្វាយខាងលើ។ ជាលទ្ធផល ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមក ពិតជា មានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន ប៉ុន្តែត្រូវបានកែ តម្រូវរួចរាល់ហើយ។ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ក៏បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុង ប្រយ័ត្ន និងជៀសវាងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការ តាមផ្លូវច្បាប់។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមអំពាវនាវដល់អ្នកលក់ និងអ្នកចែកចាយទំនិញនានា សូមជៀសវាងការក្លែងបន្លំប្រភពដើមនៃទំនិញ ជាពិសេសការបន្លំថាជាផលិតផលរបស់កម្ពុជា ដែលអាចប្រឈម នឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន។ ទន្ទឹមនេះ ក្នុងករណីបងប្អូនមានមន្ទិលសង្ស័យ ឬជួបប្រទះការក្លែង បន្លំប្រភពដើមនៃទំនិញថាជាផលិតផលរបស់កម្ពុជា បងប្អូនអាចរាយការណ៍មកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត ឬលេខទូរស័ព្ទ៖ 010-7558-8665 ដោយភ្ជាប់រូបភាព អាសយដ្ឋានហាងលក់ទំនិញ និងលេខទូរស័ព្ទហាងលក់ទំនិញ ដើម្បីស្ថានឯកអគ្គរាជទូតមានវិធានការបន្ត។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័តមាន៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច