ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះថា៖ យុវជនយើងដែលជាប់កាតព្វកិច្ចយោធា គឺមិនមែនជាបន្ទុកនោះទេ ប៉ុន្ដែគឺជាឱកាសរបស់ពួកគេ ក្នុងការចូលរួមការពារជាតិ និងមាតុភូមិពីគ្រោះអាសន្ន ឬមានសត្រូវឈ្លានពាន។
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា ក្រៅពីនេះយុវជនដែលជាប់កាតព្វកិច្ចយោធានឹងទទួលបានការបណ្ដុះបណ្ដាលបន្ថែមដែលអាចក្លាយជាធនធានមនុស្សរបស់ជាតិ និងជាកម្លាំងជួយទៅដល់វិស័យការពារជាតិបន្ថែមទៀត។
ប្រមុខការពារជាតិរូបនេះ បានគូសបញ្ជាក់ទៀតថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ ពុំបង្កផលអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជានោះឡើយ ផ្ទុយទៅវិញច្បាប់នេះនឹងបង្កើតនូវធនធានទ្រព្យសម្បត្តិជាតិ និងផ្តល់ឱកាសឱ្យយុវជនជំនាន់ថ្មីមានលទ្ធភាពក្នុងការចូលរួមការពារជាតិ ប្រកបដោយវិន័យមានការលត់ដំ មានកាយសម្បទារឹងមាំ មានជំនាញ វិជ្ជាជីវៈ មានឆន្ទៈ មនសិការ ឧត្តមគតិស្នេហាជាតិ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយភាពអង់អាចក្លាហានដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រមទាំងក្លាយជាធនធានមនុស្សដែលស្ថាប័នរដ្ឋ ឯកជនចង់បានយកទៅបម្រើការ។
សូមជម្រាបថា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នាំយកសេចក្តីព្រាងច្បាប់ស្ដីពី«កាតព្វកិច្ចយោធា» មកដាក់ចូលក្នុងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំ លើកទី៥ នាពេលនេះ ដែលបានសម្រេចអនុម័តដោយសំឡេង៥៨ លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល ដែលប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច