ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនប្ដី-ប្រពន្ធ២នាក់ជាជនជាតិស៊ុយអែត ទៅតុលាការក្រុង ក្រោយ​វាយកម្ទេច សម្ភារក្នុងផ្សារម៉ាត​ ស្ថិតនៅ​ខណ្ឌស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនៃការិយាល័យ​ព្រហ្មទណ្ឌ​នៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ បាន​បញ្ជូន​សំណុំរឿង​ប្តី​-ប្រពន្ធ​ ០២នាក់ ជាជនជាតិស៊ុ​យ​អែ​តទៅ​សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​អំពើ​ហិង្សា និង​ធ្វើ​ឲ្យ​ខូច ខាត​ដោយ​ចេតនា​ លើ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ នៅ​ក្នុង​ផ្សារ​ម៉ាត០១កន្លែង ក្នុង​ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្តី​-ប្រពន្ធ​ជនជាតិស៊ុ​យ​អែ​តតនេះ ប្តី​មានឈ្មោះ Christian Oberg អាយុ​៤៥​ឆ្នាំ , រីឯប្រពន្ធ​ ឈ្មោះ  MALIN TILVING អាយុ​៤២​ឆ្នាំ ស្នាក់​នៅ​ (ខុន​ដូ​ជ័រ​អឺ​ហ្កា​ឌិន) បន្ទប់​លេខ​១៨២៥ ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ច​បាន​ពិនិត្យ​រក​ឃើញ​ថា : ប្តី-ប្រពន្ធជនបរទេស​ទាំង​០២​នាក់នេះ មាន​ពាក់ព័ន្ធ​ប្រើ​គ្រឿងញៀន​ រហូត​ដល់​លើស​កម្រិត​ដែល​គេ​ហៅ​ថា បែក​ថ្នាំ ផងដែរ 

គួរជម្រាប​ថា កាលថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៦ កន្លងទៅ វេលា​ម៉ោង​ប្រមាណ​ ៣​:៣០​នាទី​(រសៀល) កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជន សង្ស័យ​០២​នាក់​ខាងលើ នៅ​ចំណុច​ផ្ទះសំណាក់​ ០១ កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៧២​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនបរទេស​ទាំង​០២​នាក់​នេះ ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​សកម្មភាព​វាយ​កម្ទេច​សម្ភារ​ ក្នុង​ផ្សារ​ម៉ាត​ ០១កន្លែង​ ស្ថិត​នៅ​ផ្លូវ​លេខ​២១៧ ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​១១:៤២​នាទី​(យប់​) ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ កន្លង​ទៅ !។

ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​នេះ ដឹកនាំ​ដោយ​ លោក​ ឧត្តម សេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ,លោក​ ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ លោក​ វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ គឺ​ ឈ្មោះ អ៊ា ណៃ​ហៀ​ង អាយុ​៣៩​ឆ្នាំ ជា​ម្ចាស់​ផ្សា​រអិល​អិ​ច​ម៉ាត ស្នាក់​នៅផ្ទះ​លេខ​៩២៥D ផ្លូវ​លេខ​២ ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ៕

ដោយ៖ សូរិយា


ចែករំលែក៖