ព័ត៌មានទាន់ហេតុការណ៍៖

[ថៃ និងការបាត់បង់រូបភាពលើឆាកអន្តរជាតិ]

ចែករំលែក៖

ពីអតីតកាល ប្រទេសថៃត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលមានភាពប៉ិនប្រសប់ខាងការទូត និងការបង្កើតរូបភាពល្អនៅលើឆាកអន្តរជាតិ ថៃមានសមត្ថភាពក្នុងការបង្ហាញខ្លួនឱ្យបរទេសជឿជាក់ និងទទួលស្គាល់ថា ជាប្រទេសមានវប្បធម៌ សុភាពរាបសារ និងមានការអភិវឌ្ឍដោយមានពាក្យប្រៀបធៀបមួយដែលគេចូលចិត្តនិយាយថា “សត្វសុចដ៏តូចមួយ ត្រូវបានថៃបរិយាយឱ្យធំដូចសត្វដំរី ខណៈសត្វដំរីវិញ ត្រូវបានបរិយាយឱ្យតូចប៉ុនសត្វសុច”។ នេះបង្ហាញថា ថៃមានជំនាញខ្ពស់ក្នុងការប្រើប្រាស់ការទូត និងសិល្បៈនៃការផ្សព្វផ្សាយរូបភាពរបស់ខ្លួន។

ដោយសារតែភាពប៉ិនប្រសប់នេះ ទើបវិស័យសិល្បៈ និងភាពយន្តភាគថៃ បានទាក់ទាញអ្នកទស្សនាជាច្រើននៅក្នុងតំបន់ ទោះជាយ៉ាងណា សាច់រឿងជាច្រើន ក៏តែងបង្ហាញពីការច្រណែន ការមួលបង្កាច់ ការបោកបញ្ឆោត និងល្បិចកលផ្សេងៗ ដែលមនុស្សមួយចំនួនយល់ថា ជាការឆ្លុះបញ្ចាំងពីសង្គម និងចរិតនយោបាយរបស់ថៃផងដែរ។

ប៉ុន្តែ បច្ចុប្បន្ននេះ រូបភាពដែលថៃធ្លាប់កសាងឡើងជាយូរមកហើយ បាននឹងកំពុងតែរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ការរំលោភអធិបតេយ្យភាព និងសកម្មភាពដែលពាក់ព័ន្ធនឹងជម្លោះជាមួយប្រទេសជិតខាង ជាពិសេសជាមួយកម្ពុជា បានធ្វើឱ្យមតិសាធារណៈអន្តរជាតិចាប់ផ្តើមសង្កេតឃើញពីមុខមាត់ពិតរបស់ថៃ។ កម្ពុជា ក្នុងសម័យនេះ បានព្យាយាមបង្ហាញឱ្យពិភពលោកឃើញពីអាកប្បកិរិយា និងចរិតដែលខ្លួនចាត់ទុកថា ជាចរិតឈ្លានពាន និងមិនគោរពច្បាប់អន្តរជាតិរបស់ថៃ។

តាមរយៈព្រឹត្តិការណ៍នានា និងការចុះពិនិត្យនៅតំបន់ជម្លោះ ក៏ដូចជាការផ្សាយរបស់សារព័ត៌មានបរទេសធំៗ អំពើ និងសកម្មភាពរបស់ថៃ ត្រូវបានយកទៅពិភាក្សានៅលើឆាកអន្តរជាតិ។ សម្រាប់មតិមួយចំនួន ថៃមិនត្រឹមតែបាត់បង់ភាពជាប្រទេសដែលពូកែការទូតប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងធ្វើឱ្យរូបភាពរបស់ខ្លួនជាអ្នកជំងឺមហារីក ក្នុងតំបន់អាស៊ាន និងជារដ្ឋព្រៃក្នុងតំបន់អាស៊ាន ផងដែរ។

ការកសាងរូបភាពល្អអាចចំណាយពេលយូរ ប៉ុន្តែការបាត់បង់ទំនុកចិត្តពីសហគមន៍អន្តរជាតិ អាចកើតឡើងក្នុងរយៈពេលខ្លី ប្រសិនបើប្រទេសណាមួយប្រើអំណាច ឬអាកប្បកិរិយាដែលផ្ទុយពីគោលការណ៍សន្តិភាព និងការគោរពអធិបតេយ្យភាពរបស់ប្រទេសដទៃនិងបំបានច្បាប់អត្តរជាតិ៕

ដោយ៖លោកតា


ចែករំលែក៖