ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ ១នាក់ រួមនឹងគ្រឿងញៀនទម្ងន់ជាង ១គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ រួមនឹងដកហូតគ្រឿងញៀនទម្ងន់ជាង ១គីឡូក្រាម។

ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃមក ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌី គឹមលាង ភេទប្រុស អាយុ ២៩ឆ្នាំ នៅចំណុចផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមរបាយការណ៍សមត្ថកិច្ច ជនសង្ស័យពាក់ព័ន្ធនឹងករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ខណៈវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖

* ក្រាមពណ៌សចំនួន ២១កញ្ចប់ (ធំ-តូច)

* ទម្ងន់សរុប ១២១១,៤០ក្រាម ស្មើនឹង ១គីឡូ ២ខាំ ១១.៤០ក្រាម

* ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣គ្រឿង

* ដបសម្រាប់ជក់គ្រឿងញៀនចំនួន ០១

* និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត និងផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖