ខេត្តកំពង់ចាម៖ បន្ទាប់ពីទទួលបានដំណឹងភ្លាមៗពីសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន អំពីករណីអគ្គីភ័យ ឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះអន្តរាគមន៍ ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ រហូតគ្រប់គ្រងស្ថានការណ៍បានក្នុងរយៈពេលខ្លី។
បើតាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា អគ្គីភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង ៩:៤០នាទី ដោយមានកម្លាំងអន្តរាគមន៍ស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ បានធ្វើការពន្លត់អោយរលត់ជាស្ថាពរ ។ ប្រើប្រាស់ឡានពន្លត់អគ្គីភ័យ ចំនួន ០៦គ្រឿង -ឡានពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ៣គ្រឿង ឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ២គ្រឿង ឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ១គ្រឿង ប្រើប្រាស់ទឹកអស់ ១២ស៊ីទែន។
ម្ចាស់ផ្ទះទី១ ឈ្មោះ សុំ ពេជ្រ ភេទប្រុស អាយុ ៦៣ ឆ្នាំ ។ ករណីនេះបណ្ដាលឱ្យខូចខាត ផ្ទះមានទំហំទទឹង ៦x១២ម៉ែត្រ។ មូលហេតុ ឆ្លងចរន្តអគ្គិសនី ករណីនេះបានរៀលដាលដល់ផ្ទះអ្នកជិតខាងចំនួន ២ផ្ទះ។
ម្ចាស់ផ្ទះទី២ ឈ្មោះ ស៊ឹង ស្រី ភេទស្រី អាយុ ៥៣ ឆ្នាំ ។ ករណីនេះបណ្ដាលឱ្យខូចខាត ផ្ទះមានទំហំទទឹង៧ x ១២ម៉ែត្រ។
ម្ចាស់ផ្ទះទី៣ ឈ្មោះ អោក សារ៉ូ ភេទស្រី អាយុ ៧២ ឆ្នាំ ។ ករណីនេះបណ្ដាលឱ្យខូចខាតផ្ទះមានទំហំទទឹង ៤x៥ ម៉ែត្រ (ឆេះឡាបជញ្ជាំង១ម៉ែត្រ)។ ករណីខាងលើនេះចំពោះសម្ភារៈក្នុងផ្ទះឆេះទាំងស្រុងរួមមានថវិកានិងឯកសារមួយចំនួន។ ករណីនេះបណ្ដាលអោយរបួសម្ចាស់ផ្ទះ ១នាក់ របួសស្រាល៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច