ខេត្តព្រះសីហនុ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មការសន្តិសុខលម្ហ សមុទ្រ បានអះអាងថាកងទ័ពជើងទឹកទាំងអស់ប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅតាមបទបញ្ជារបស់ អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ហើយការពារឲ្យបានរឹងមាំនូវដែនទឹក និងកោះ-ឆ្នេរបស់កម្ពុជាទោះក្នុងតម្លៃណាក៏ដោយ។
ជាក់ស្ដែងលោកឧត្តមនាវីឯក ទៀ សុខា នៅក្នុងឱកាសបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងអន្តរាគមន៍ និងអប់រំចិត្តសាស្រ្តឆ្នាំ២០២៦ របស់កងទ័ពជើងទឹក នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានថ្លែងថា កងទ័ពជើងទឹកបានរួមចំណែកក្នុងការការពារជាតិ បូរណភាពទឹកដី ឯករាជ្យជាតិ អធិបតេយ្យភាព សន្តិភាព និងសមិទ្ធផលសង្គមជាតិ ស្ថិរភាពនយោបាយ សន្តិសុខជាតិណ ដែលនេះគឺជាភារកិច្ចស្នូលដែលកង ទ័ពជើងទឹកត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ ហើយត្រូវប្រឆាំងដាច់ខាតរាល់ការឈ្លានពាន និងជ្រៀតជ្រែកពីបរទេសចូលក្នុងដែនអធិបតេយ្យភាពជាតិកម្ពុជាទោះក្រោមរូបភាពណាក៏ដោយ។
ជាមួយគ្នានេះប្រមុខកងទ័ពជើងទឹកកម្ពុជារូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា កងទ័ពជើងទឹក ក៏បានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន ទៅតាមបទបញ្ជារបស់អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហាន និងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការ ការពារអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពារឲ្យបានរឹងមាំ នូវដែន ទឹក កោះ-ឆ្នេ និងរាល់បណ្តាភូមិសាស្រ្តពាក់ព័ន្ធដទៃទៀត ដែលថ្នាក់លើបានកំណត់ ហើយក៏បានចូលរួម សហការជាមួយបណ្តាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទៅតាមកាលៈទេសៈ និងស្ថានការណ៍បន្ទាន់ ណាមួយក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុតផងដែរ។
យ៉ាងណាក៏ដោយនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងអន្តរាគមន៍របស់កងទ័ពជើងទឹកនេះដែរ លោកឧត្តមនាវីឯកទៀ សុខា ក៏បានថ្លែងអំណរគុណចំពោះឧត្តមនាវី នាយនាវី នាយនាវីរង និង ពលនាវិកទាំងអស់ ដែលបានខិតខំពុះពារ យកអស់ប្រាជ្ញាស្មារតី កម្លាំងកាយ កម្លាំងចិត្ត អនុវត្តតាមបទ បញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក៏ដូចជាអគ្គបញ្ជាការ ក្នុងការការពារបូរណ ភាពទឹកដី ដែលនេះគឺជាការចូលរួមលះបង់យ៉ាងធំធេង ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ នៃយើង ទាំងអស់គ្នានោះ៕ដោយ៖តារា

រូបភាព៖BTV
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច