ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅ រាជធានីភ្នំពេញជ្រាបថា ដើម្បីវិវដ្តទៅតាមយុគសម័យឌីជីថល និងសម្រេចបាននូវការផ្តល់សេវាសាធារណៈ ឱ្យបានឆាប់រហ័ស សន្សំសំចៃកម្រៃ និងពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការមកដាក់ពាក្យស្នើសុំផ្ទាល់ នៅសាលារាជធានីភ្នំពេញ នោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យអនុវត្តជាផ្លូវការនូវការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) លើវិស័យចំនួន៩ រួមមាន៖ ១.ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង) ។
២.ការងាររដ្ឋបាល ។
៣. វិស័យទេសចរណ៍ ។
៤.វិស័យសាធារណការ និងដឹកជញ្ជូន ។
៥.វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ។
៦.វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
៧.វិស័យរ៉ែ និងថាមពល ។
៨. វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ។
៩. វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ រដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា ការស្នើសុំ និងទូទាត់កម្រៃសេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ (Online)នេះ គឺមានតម្លៃសេវារដ្ឋបាលដូចគ្នាទៅនឹងការមកស្នើសុំបង់កម្រៃសេវាជា សាច់ប្រាក់ដោយផ្ទាល់នៅសាលារាជធានីភ្នំពេញ ដោយពុំមានការបន្ថែមកម្រៃលើសេវាទូទាត់នោះទេ។
ទន្ទឹមនឹងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) បងប្អូនប្រជាពលរដ្ឋទាំងអស់នៅតែ អាចបន្តអញ្ជើញមកទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ដែលមាន ទីតាំងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ស្ថិតនៅអាសយដ្ឋានលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញដូចមុនដដែល ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច