ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគម មិត្តភាព កម្ពុជា-វៀតណាម និង លោកស្រី ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានរៀបចំសន្និបាតរួមលើកទី៤ សម្រាប់ដំណាក់កាល២០២២-២០២៧
នៅសង្កាត់វុងតាវ ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គនិយមវៀតណាម នៅថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ។
លោកស្រី ង្វៀន ធីថាញ់ បានសាទរចំពោះប្រទេស និងប្រជាជនកម្ពុជា ដែលបានបន្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងឆ្នាំ ២០២៥។ ទំនាក់ទំនងវៀតណាម-កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើចំណងមិត្តភាពជិតស្និទ្ធ ការជួយគ្នាទៅវិញទៅមក និងការចេះចែករំលែកនូវបទពិសោធន៍ទៅវិញទៅមក ដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់ អនុវត្តនាពេលអនាគត។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ទំនាក់ទំនងកម្ពុជា-វៀតណាម បានបន្តអភិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើន ដូចជា នយោបាយ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រ។ សម្តេចក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជួយបស់វៀតណាមទាំងអតីតកាល និងរហូតដល់បច្ចុប្បន្ន។ ដូច្នេះហើយសមាគមទាំងពីរបានឯកភាពគ្នាបន្តលើកកម្ពស់ការផ្សព្វផ្សាយ និងការអប់រំអំពីប្រពៃណីនៃ សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយ ជានិរន្ដរ៏ រវាងប្រទេសទាំងពីរកម្ពុជា -វៀតណាម ដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយ ហើយក្នុងពេលជាមួយគ្នានេះ បង្កើនការយល់ដឹង និងការប្រុងប្រ យ័ត្ន ប្រឆាំង នឹងព័ត៌មានមិនពិត និងបំភ្លៃ ដែលមានគោលបំណងបំបែកទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម និងកម្ពុជា សមាគមទាំងពីរបានឯកភាពគ្នាផ្តោតលើភារកិច្ចសំខាន់ៗចំនួនបី៖ ការពង្រឹងមិត្តភាពរវាងប្រជាជន និងប្រជាជន; ការពង្រឹងទំនាក់ទំនងក្នុងចំណោមយុវជនជំនាន់ក្រោយ; និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ រវាងអាជីវកម្ម និងមូលដ្ឋាននៃប្រទេសទាំងពីរ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច