ខេត្តកំពត ៖ អ្នកស្រី នង នីម អាយុ៦២ឆ្នាំបានផ្តល់កិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌យើងយ៉ាងដូច្នេះថា ៖ តើយុត្តិធម៌មានទេសម្រាប់រូបគាត់ដែលជាជនក្រីក្រ មានកូនក្នុងបន្ទុកជាជនពិការភាព «មនុស្ស គ» ហើយត្រូវបានជនជាប់ចោទធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចជាច្រើនលើក ប៉ុន្តែបច្ចុប្បន្នជននេះកំពុងតែមានសេរីភាពជាធម្មតា បើទោះបីជាសាលាដំបូងខេត្តកំពតសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាលើជនជាប់ចោទឈ្មោះ ស៊ុង ណោស រយះពេល៤ឆ្នាំក៏ដោយ។
យោងតាមសាលក្រមសម្រេចរបស់សាលាដំបូងខេត្តកំពតបានឲ្យដឹងថា ៖
១ /ផ្តន្ទាទោសដាក់ពន្ធនាគាលើជនជាប់ចោទឈ្មោះ ស៊ុង ណោស រយះពេល៤ឆ្នាំ ពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តនៅភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត កាលពីអំឡុងឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ។ ត្រង់ចំណុចនេះបើយោងតាមមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ បទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសពី៧ឆ្នាំទៅ១៥ឆ្នាំ ប៉ុន្តែតុលាការបានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ស៊ុង ណោស ត្រឹមរយះពេល៤ឆ្នាំ ដោយសំអាងថាជននេះមានវ័យចំណាស់ (អាយុ ៦៥ឆ្នាំ)។ ប៉ុន្តែបើទោះបីការដាក់ទោសជនជាប់ចោទត្រឹម៤ឆ្នាំក៏ដោយចុះតែបច្ចប្បន្មជនជាប់ចោទ មិនត្រូវបានចាប់ខ្លួននោះទេ គឺកំពុងមានសេរីភាពជាធម្មតា ហើយរស់នៅជិតគ្នាថែមទៀត ។
២/បង្កាប់ឲ្យជនជាប់ចោទឈ្មោះ ស៊ុង ណោស សងសំណងជំងឺចិត្ត ទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៩ ០០០.០០០(ប្រាំបួនលានរៀល)នោះមកដល់ពេលនេះជនរងគ្រោះក៏ពុំទាន់ទទួលសំណងនោះដែរ។
ពាក់ព័ន្ធនិងករណីខាងលើនេះអង្គភាពយើងមិនអាចសុំពន្យល់ពីលោក លាង សំណាក់ ប្រធានតុលាកាខេត្តកំពតបានទេ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយគ្មានលេខទូរស័ព្ទ។ ដោយឡែកលោក ជិន ម៉ាលិន រដ្ឋលេខាធិការប្រចាំការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ក៏មិនអាចទំនាក់ទំនងបានដែរដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ដោយឡែកលោក ស៊ន រតនា អ្នកនាំពាក្យសាលាដំបូងខេត្តកំពតបានប្រាប់សារព័ត៌មាន តាមទូរស័ព្ទនៅព្រឹកថ្ងៃចន្ទទី២៥ ខែឧសភា ឆ្នាំ២០២៦ យ៉ាងដូច្នេះថា,សំណុំរឿងនេះតំណាងអយ្យការបានចេញដីការតាមចាប់ខ្លួនជនជាប់ចោទឈ្មោះ ស៊ុង ណោស នោះហើយ ។ នៅពេលដែលអ្នកកាសែតសួរថាតើខ្ញុំអាចសួរនាំទៅឯកឧត្តមស្នងការឬមេបញ្ជាកងរាជអាវុធហត្ថខេត្តពីរឿងដីកាចាប់ខ្លួនលោកអ្នកនាំពាក្យបានបន្តឲ្យដឹងទៀតថាសូមសួរទៅតំណាងអយ្យការសិនទៅ។ ចំណុចនេះសូមអស់លោកអ្នកច្បាប់ជួយពិចារណាផង ខណៈខាងគ្រួសារជនរងគ្រោះគាត់ មានជីវភាពក្រខ្សត់ ខ្វះការយល់ដឹងផ្នែកច្បាប់ ហើយឈឺចាប់បំផុត ពេលឃើញជនជាប់ចោទ ដែលរំលោភកូនរបស់ខ្លួនជាមនុស្ស គ ហើយជនល្មើសមានសេរីភាពដើរហើរ យ៉ាងរំភើយក្នុងភូមិ ម្យ៉ាងកំពុងភ័យព្រួយលើ សុវត្ថិភាព សន្តិសុខ ក្នុងការរស់នៅប្រចាំថ្ងៃ ខ្លាចជនជាប់ចោទមានបំណងបន្តប្រព្រឹត្តបទឧក្រិដ្ឋបែបណាទៀត មកលើគ្រួសារគាត់ ព្រោះតុលាការចេញសាលក្រមហើយ អនុវត្តទៅលើជនជាប់ចោទមិនបានផង ! ឯណាទៅ «យុត្តិធម៌សង្គម» ។
ត្រូវចាំពាក្យដ៏មានន័យបំផុតចំពោះអ្នកច្បាប់ «រឿងក្ដីមួយដែលត្រូវការពេលវេលាដោះស្រាយយូរពេក យូររហូតដល់គេភ្លេចរឿងក្ដីនោះ មានន័យថា វាស្មើនឹងអយុត្តិធម៌សម្រាប់គេទៅហើយ» នេះជាប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕

ដោយ ៖ តុង សីហា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច