ភ្នំពេញ ៖ សេចក្ដីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្តីពីការរៀបចំកម្មវិធី «ដាស់ស្មារតីជាតិ (Day of Reckoning)» នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
កម្មវិធី «ដាស់ស្មារតីជាតិ ធ្វើឡើងក្នុងគោលបំណងរំលឹក និងដាស់ស្មារតីប្រជាជាតិឱ្យចងចាំពីដំណើរប្រវត្តិសាស្ត្រ ការឈឺចាប់ ការបាត់បង់ និងការតស៊ូដែលប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់ និងប្រែក្លាយមេរៀន ព្រមទាំងស្លាកស្នាមនៃអតីតកាល ឱ្យទៅជាកម្លាំងជំរុញចិត្តសម្រាប់ប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយ ក្នុងការអភិវឌ្ឍសមត្ថភាព ការពង្រឹងស្មារតីស្នេហាជាតិ និងការចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងសមិទ្ធផលសង្គមដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន។
ក្នុងន័យនេះ កម្មវិធី «ដាស់ស្មារតីជាតិ» មិនមែនជាការរំលឹកអតីតកាល ដើម្បីបង្កើតការបែកបាក់ ការរើសអើង ឬការគុំកួនសងសឹកនោះឡើយ ប៉ុន្តែជាការដាស់តឿនស្មារតីប្រជាជាតិឱ្យយល់ដឹងពីតម្លៃនៃការរួបរួម សន្តិភាព ការអត់ឱន និងការកសាងអនាគតរួមគ្នា ដោយបញ្ចៀសដាច់ខាតនូវទស្សនៈជ្រុលនិយមគ្រប់ទម្រង់៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច