ខេត្តកណ្តាល៖ ស្ត្រីវ័យចំណាស់ម្នាក់បានទទួល មរណភាពយ៉ាងគួរឲ្យសង្វេគនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីត្រូវយុវជនម្នាក់ជិះម៉ូតូខ្វះការប្រុង ប្រយ័ត្នជ្រុលបុកពីក្រោយយ៉ាងពេញទំហឹង ខណៈជនបង្កក៏រងរបួសធ្ងន់ផងដែរ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែ ឧសភា ២០២៦ នៅលើផ្លូវបេតុងស្ថិតក្នុងភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
ស្ត្រីរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ ឈន ហ៊ាង អាយុ ៧៣ឆ្នាំ ជិះកង់។ ចំណែកអ្នកបើកបរម៉ូតូបង្កមានឈ្មោះ ជា ចាន់នី ភេទប្រុស អាយុ ២៥ឆ្នាំ ដោយអ្នកទាំងពីរមានទីលំនៅជាមួយគ្នាក្នុងភូមិឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុ យុវជនបង្កបានបើកបរម៉ូតូ ១គ្រឿងម៉ាកស៊ុយហ្ស៊ូគីឡេតពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AJ 0423 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលបើកមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកស្ត្រីវ័យចំណាស់រងគ្រោះដែលកំពុងជិះកង់ក្នុងទិសដៅស្របគ្នាពីមុខយ៉ាងពេញទំហឹង។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍បញ្ជូនស្ត្រីរងគ្រោះទៅមន្ទីរពេទ្យ តែជាអកុសលដោយរបួសធ្ងន់ធ្ងរពេក ទើបមិនអាចជួយសង្គ្រោះជីវិតបាន។
ក្រោយការចុះពិនិត្យវាស់វែង សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកជិះម៉ូតូរងរបួសធ្ងន់ត្រូវបានសាច់ញាតិយកទៅមន្ទីរពេទ្យដោយខ្លួនឯង។ ចំពោះវត្ថុតាងកង់និងម៉ូតូដែលរងការខូចខាតស្រាល ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។ ការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញគឺគ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន និងមានការធ្វេសប្រហែស៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច