ខេត្តរតនគិរី៖ យោងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា យោងអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងយោងបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ២០២៥ របស់ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តរតនគិរី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មាន អ្នកលេងបណ្តាញទំនាក់ ទំនងសង្គម និងមហាជនទាំងអស់មេត្តាជ្រាបថា៖ ចាប់តាំងពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ បានធ្វើរដ្ឋបាលចំហរនៅតាមបណ្តាទីតាំងដែលមានការសង្ស័យថា អាចកើតមានបទល្មើស ការឆបោកតាមប្រព័ន្ធបចកចេកវិទ្យា ជាលទ្ធផលជាក់ស្តែងនាពេលកន្លងមកឃើញថា៖ ខេត្តរតនគិរី ពុំមានវត្តមានបទល្មើស កើតឡើងទេ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី រដ្ឋបាលខេត្តនៅតែបន្តខិតខំប្រឹងប្រែងរឹតបន្តឹងបន្ថែមទៀត ដើម្បីធានាថា បទល្មើស ពិតជាមិនអាចកើតមានឡើងជាដាច់ខាត រួមទាំងបទល្មើសឆ្លងកាត់ផងដែរ។
នៅក្នុងរយៈពេល ០២ថ្ងៃចុងក្រោយនេះ ក្រោម បញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់ លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដាក់បទបញ្ជាតឹងរ៉ឹងដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ទាំង៩ ដើម្បីចុះប្រតិបត្តិការទ្រង់ទ្រាយធំឆែកឆេរ ត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរនៅតាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង៩ ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយ
សរុប និងធនធានសរុប ជាលទ្ធផល ចាប់ពីថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២៦ ទទួលបានដូចខាងក្រោម៖
*១. បានប្រើប្រាស់កម្លាំងចម្រុះ សរុបចំនួន ៣១៤ នាក់
*២. បានចុះត្រួតពិនិត្យទីតាំង សរុបចំនួន ១២៤ ទីតាំង
*៣. បានត្រួតពិនិត្យជនបរទេស សរុបចំនួន ៦៦១ នាក់ (ស្រី ១៤ នាក់) ក្នុងនោះរួមមាន៖ ជន ជាតិចិន ជនជាតិវៀតណាម ជនជាតិកូរ៉េខាងត្បូង ជនជាតិឥណ្ឌា និងជនជាតិម៉ាឡេស៊ី។
*៤. បន្ទាប់ពីសមត្ថកិច្ចជំនាញបានឆែកឆេរ ត្រួតពិនិត្យ (ទីតាំង សម្ភារៈ និងមនុស្ស) ក្រោមការសម្របសម្រួល នីតិវីច្បាប់ពីតំណាងអយ្យការ អមសាលាដំបូងខេត្តរតនគិរី រួចមកឃើញថា៖ ពុំមានវត្តមាននៃបទល្មើស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងភូមិសាស្ត្រខេត្តរតនគិរីទេ។
កិច្ចសហប្រតិបត្តិការនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៩ នឹងបន្តចុះជាប់ជាប្រចាំដូចភ្លៀងរលឹម។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុង ខេត្តរតនគិរី ចូលរួមសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការផ្តល់ព័ត៌មានអំពីកន្លែងដែលសង្ស័យថា អាច មានការលាក់ខ្លួនរបស់ក្រុមឧក្រឹដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួនជនទាំងនោះយកមកផ្ត ន្ទាទោសតាមច្បាប់ជាធរមាន។ អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន អ្នកលេងបណ្តាញទំនាក់ទំនង់សង្គម និងមហាជនទាំង អស់មេត្តាទទួលជ្រាបជាព័ត៌មាន៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច