ខេត្តស្វាយរៀង: លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល ផ្ដល់បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ជូនដល់គ្រូបង្វឹក និងកុមារា កុមារី នៃសាលាបឋមសិក្សាបាវិត ដែលបានចូលរួមប្រកួតក្នុងកម្មវិធីពានរង្វាន់សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ដោយទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស។
ពិធីនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយ ដោយមានការចូលរួមពីលោកអភិបាលរងក្រុង លោកនាយករដ្ឋបាលក្រុង លោកប្រធានការិយាល័យចំណុះក្រុង លោកនាយកសាលាបឋមសិក្សាបាវិត ព្រមទាំងកុមារា កុមារីជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលក្រុង បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូបង្វឹក ក៏ដូចជាកុមារា កុមារីទាំងអស់ ដែលបាននាំមកនូវកិត្តិយសជូនសាលា និងក្រុងបាវិតទាំងមូល។ លោកបានលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តខិតខំហ្វឹកហាត់ បង្កើនសមត្ថភាព និងរក្សាសាមគ្គីភាព ដើម្បីឈានទៅរកភាពជោគជ័យបន្ថែមទៀតនាពេលខាងមុខ។
ជាមួយគ្នានេះ លោកអភិបាលក្រុង បានឧបត្ថម្ភថវិកាជូនសាលាបឋមសិក្សាបាវិតចំនួន ២,០០០,០០០រៀល។ ដោយឡែក លោកគ្រូបង្វឹកចំនួន ៤នាក់ ម្នាក់ៗទទួលបានបណ្ណសរសើរ១ និងថវិកាចំនួន ៥០០,០០០រៀល ខណៈកុមារា កុមារីចំនួន ៣៦នាក់ ក្នុងម្នាក់ៗទទួលបានបណ្ណសរសើរ១ និងថវិកាចំនួន ១០០,០០០រៀលផងដែរ៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច