ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបថា បន្ទាប់ពីទទួលបាននូវព័ត៌មានទាក់ទងនឹងករណីថាបាត់ក្មេងប្រុសចំនួន០២នាក់ដែលអ្នកប្រើប្រាស់បណ្តាញសង្គមបានផ្សព្វផ្សាយក៏ដូចទទួលបាននូវព័ត៌មានពីអាណាព្យាបាលរបស់ពួកគេទាំងពីរថាចាប់តាំងពីថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៦មកបន្ទាប់ពីពួកគេចេញទៅរកឃ្មុំក្នុងមូលដ្ឋានមិនឃើញវិលត្រឡប់មកវិញ គាត់បារម្ភពីសុវត្ថិភាពក៏រាយការណ៍រឿងនេះមកសមត្ថកិច្ច ។
ក្រោមបញ្ជាដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង សមត្ថកិច្ចនគរបាលស្រុកសំពៅលូនបានសហការស្រាវជ្រាវចំពោះករណីនេះជាមួយសមត្ថកិច្ចស្រុកដែលមានភូមិសាស្រ្តជិតគ្នា។
នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលស្រុកសំពៅលូនបានសហការស្វែងរកក្មេងទាំងពីរនាក់នោះឃើញហើយគឺឈ្មោះ សុះ តុង អាយុ១៥ឆ្នាំនិងឈ្មោះ ជិន ហ្វូអាយុ១១ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិអូរប្រហ៊ូត ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលស្រុកសំពៅលូនលោកវរសេនីយ៍ទោ ទឹម វិឆ័យ បានបញ្ជាក់ថា គេទាំងពីរនាក់បានចាក ចេញពីផ្ទះដើរទៅរកឃ្មុំពីថ្ងៃរហូតដល់យប់មិនបានចូលផ្ទះវិញទេ ហើយភ័យ ខ្លាចឳពុកនិងពូស្តីបន្ទោសក៏នាំគ្នា ធ្វើដំណើររហូតដល់មូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្នាក់នៅជាមួយឈ្មោះ អឹម សម្បត្តិ ភេទប្រុស អាយុ ៤៨ឆ្នាំជាអ្នកដែលពួកគេធ្លាប់ ស្គាល់ពីមុនមក រួចសុំស្នាក់ជាមួយនៅភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមិនបានផ្តល់ដំណឹងមកអ្នកផ្ទះគេបានដឹងនោះទេ ។
ពេលនេះសមត្ថកិច្ចនគរបាលបាននាំ ក្មេងប្រុសទាំងពីរប្រគល់ជូនទៅក្រុមគ្រួសាររបស់គាត់វិញហើយ ដូច្នេះសូមសាធារណជនជ្រាបជាព័ត៌មាននិងសូមកុំមានការភាន់ច្រឡំចំពោះករណីផ្សេង សូមអរគុណ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច