ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់ផាំង! ងាប់គោប្រជាពលរដ្ឋ ១៩ក្បាល ក្នុងថ្ងៃតែមួយ នៅស្រុកលំផាត់ ខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី៖ ករណីគ្រោះធម្មជាតិរន្ទះបាញ់មួយ បានកើតឡើងយ៉ាងរន្ធត់ បណ្តាលឱ្យសត្វគោរបស់ប្រជាពលរដ្ឋសរុបចំនួន ១៩ក្បាល ងាប់ភ្លាមៗនៅកន្លែងផ្សេងគ្នា ក្នុងភូមិចំនួនពីរ នៃឃុំជ័យឧត្តម ស្រុកលំផាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១:២០ នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

អភិបាលស្រុកលំផាត់លោក កិ សុខគា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះធម្មជាតិមួយនេះ ដែលបានបង្កឱ្យគ្រួសារប្រជាពលរដ្ឋជាច្រើនខាតបង់ទ្រព្យសម្បត្តិ និងធនធានយ៉ាងធ្ងន់ធ្ងរ។ ការថ្លែងបែបនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកទទួលបានរបាយការណ៍ពីរដ្ឋបាលឃុំជ័យឧត្តម។

យោងតាមរបាយការណ៍ផ្លូវការ គ្រោះថ្នាក់រន្ទះបាញ់នេះបានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ នៅក្នុងភូមិចំនួនពីរ រួមមាន៖១. ភូមិថ្មី ងាប់គោចំនួន ៩ក្បាល ជារបស់ប្រជាពលរដ្ឋ ១គ្រួសារ មានម្ចាស់ឈ្មោះ ថង ចាន់ម៉ៅ។

២. ភូមិស្រែឈូក៖ ងាប់គោសរុបចំនួន ១០ក្បាល លើប្រជាពលរដ្ឋចំនួន ៤គ្រួសារ៖ម្ចាស់ឈ្មោះ សៃ អន (ភេទប្រុស)៖ ងាប់គោចំនួន ៦ក្បាល។

ម្ចាស់ឈ្មោះ ឌឿង កៃ (ភេទប្រុស)៖ ងាប់គោចំនួន ២ក្បាល។

ម្ចាស់ឈ្មោះ កែវ ឧត្តម (ភេទប្រុស)៖ ងាប់គោចំនួន ១ក្បាល។ម្ចាស់ឈ្មោះ លីម កាដាំ៖ ងាប់គោចំនួន ១ក្បាល។

ក្រោយកើតហេតុភ្លាមៗ លោកអភិបាលស្រុក លំផាត់ ក៏បានចេញសេចក្តីអំពាវនាវ និងណែនាំជា

បន្ទាន់ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វចិញ្ចឹមគ្រប់ប្រភេទ ជាពិសេសសត្វគោ និងក្របី នៅពេលមានភ្លៀងធ្លាក់ ឬមេឃរកកលចង់ភ្លៀង ដែលអាចបង្កឱ្យមានខ្យល់កន្ត្រាក់ និងបាតុភូតរន្ទះបាញ់។

លោក កិ សុខគា បានសង្កត់ធ្ងន់ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមានរបរចិញ្ចឹមសត្វពាហនៈទាំងអស់ថា៖«ត្រូវប្រញាប់ប្រញាលកៀងសត្វទាំងនោះបញ្ចូលទៅក្នុងទ្រុងដែលមានដំបូលត្រឹមត្រូវ នៅពេលឃើញមេឃងងឹត ឬរកកលចង់ភ្លៀង។

ជាដាច់ខាត មិនត្រូវទុកឱ្យសត្វចិញ្ចឹមជ្រកនៅក្រោមដើមឈើឡើយ ព្រោះវាជាចំណុចប្រឈមខ្ពស់បំផុតក្នុងការរងការវាយប្រហារដោយរន្ទះបាញ់»៕

ដោយ៖ជីវ័ន្ត


ចែករំលែក៖