ខេត្តប៉ៃលិន៖ អ្នកលេងតុងទីន(កូនតុងទីន)ជាច្រើននាក់នៅផ្សារសាមគ្គីហៅផ្សារ ប៉ាហ៊ី និងនៅតាមភូមិនានាក្នុងក្រុងប៉ៃលិនបាននាំគ្នាទៅតវ៉ានៅផ្ទះមេតុងទីនបន្ទាប់ពី មេបានវេចប្រាក់ជាង១០ម៉ឺនដុល្លាររត់គេចខ្លួនបាត់។
ករណីនេះបើតាមកូន តុងទីនម្នាក់បាននិយាយថា ម្តាយរបស់មេតុងទីនធានាសុខចិត្តរកលុយបង់សងជំនួស ខណៈដែលអ្នកលេងតុងទីនមួយចំនួន ម្នាក់ៗអស់ប្រាក់ជាង១០លានរៀលអ្នក ខ្លះទៀតជាង១ម៉ឺនដុល្លារ ហើយគ្មានសង្ឃឹមថានឹងបានទទួលប្រាក់សងត្រឡប់មកវិញឡើយ ។
ករណីនេះបានកើតឡើងកាលពីវេលា ម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅទល់មុខសាលាបឋម សិក្សា ស ខេង អូរតាវ៉ៅ ក្នុងភូមិក្បាល ព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា មេតុងទីន ដែលបោកប្រាស់ប្រមូលប្រាក់ជាង១០ម៉ឺនដុល្លាររត់គេចខ្លួននោះឈ្មោះឆេង លី ហៅ លីដា ភេទស្រី អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀន នៅសាលាបឋមសិក្សាស ខេង អូរតាវ៉ៅ បង្រៀនឯក ជននៅសាលាប៉ៃលិនវឌ្ឍនៈ ក្រុងប៉ៃលិន រស់នៅភូមិសង្កាត់ខាងលើ ។
ប្រភពដដែលឲ្យដឹងទៀតថា ការលេង ល្បែងដេញតុងទីននេះធ្វើឡើងអស់រយៈពេលជិត១ឆ្នាំមកហើយដោយស្ត្រីខាងលើជាអ្នកធ្វើមេរួចក៏មានអ្នកភូមិនិងអ្នកផ្សារសាមគ្គីហៅផ្សារប៉ាហ៊ីសរុបជាង៥០នាក់ ចូលរួមលេងដោយម្នាក់ៗអស់លុយខ្លះ២លានរៀល ខ្លះ៤លានរៀល ខ្លះទៀត១០ លានរៀល ហើយរហូតដល់អ្នកខ្លះអស់ ជាង១ម៉ឺនដុល្លារឯណោះ។ រហូតមកដល់ ព្រឹកថ្ងៃទី១៩ ខែតុលា កូនតុងទីនមួយចំនួន បានទូរស័ព្ទទៅមេតុងទីនខាងលើដើម្បី យកលុយទៅបង់នៅផ្ទះរបស់គេប៉ុន្តែទូរស័ព្ទ អត់ចូលរហូតដល់ព្រឹកថ្ងៃទី២០ ខែតុលា ដោយមានការសង្ស័យក៏នាំគ្នាជិះម៉ូតូទៅមើលនៅក្នុងផ្ទះស្រាប់តែម្តាយប្រាប់ថា គេបានវេចលុយរត់គេចខ្លួនបាត់ទៅហើយ ទើបម្នាក់ៗធ្លាក់ថ្លើមក្តុកនិយាយលែងចេញ គ្រប់ៗគ្នា ។
បើតាមសម្តីស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះជាអ្នកលក់ដូរនៅក្នុងផ្សារសាមគ្គី បានឱ្យដឹងថា គាត់បានចាប់ផ្តើមលេងតុងទីនជាមួយមេខាងលើតាំងពីដើមឆ្នាំ ២០១៦ ហើយដាក់១ក្បាលចំនួន២ម៉ឺន រៀលដោយគាត់ដាក់១ខ្សែចំនួន២០ក្បាល ហើយបង់ម្តងអស់ចំនួន២លានរៀលរហូតមកដល់ពេលនេះមិនទាន់បានដេញមួយ ក្បាលនោះឡើយដោយគិតទៅទាំងអស់ជាង១ម៉ឺនដុល្លារត្រូវមេតុងទីនវេចលុយរត់បាត់ទៅហើយ ។ ស្ត្រីរងគ្រោះបានបន្តទៀត ថា អ្នករស់នៅក្បែរតូបរបស់គាត់ក៏អស់ប្រាក់ ជាង១ម៉ឺនដុល្លារដែរនិងមានអ្នកខ្លះទៀត អស់ត្រឹម១លានរៀល ខ្លះ២លាន ខ្លះ៤ លាន និងខ្លះទៀតរហូតដល់ជាង១០លាន រៀលហើយក៏នាំគ្នាទៅតវ៉ាដល់ក្នុងផ្ទះមេតុង ទីននេះ ។ ទោះបីជាយ៉ាងណានៅរសៀល ថ្ងៃទី២០ ខែតុលា ខណៈពួកគាត់ចូលទៅ តវ៉ានៅក្នុងផ្ទះមេតុងទីនម្តាយរបស់មេតុងទីនបានសន្យារកប្រាក់សងជំនួស ប៉ុន្តែដោយ សារលុយច្រើនពេកមើលទៅដូចជាគ្មានសង្ឃឹមថា គាត់នឹងសងដល់កូនតុងទីនទាំង អស់គ្នានោះឡើយ ។
ស្ត្រីត្រូវជាម្តាយមេតុងទីនខាងលើបានឱ្យដឹងថា គាត់ត្រូវបានកូនរបស់គាត់ឱ្យយក ប្លង់ផ្ទះទៅបញ្ចាំនៅធនាគារអេស៊ីលីដាចំនួន ៣ម៉ឺនដុល្លារដោយប្រាប់ថារូបគេខ្ចីយក ទៅសងកូនតុងទីន១គ្រាសិនរួចចាំសងវិញ។ លុះបានលុយអស់ហើយស្រាប់តែនាំប្តី ប្រពន្ធ និងកូនវេចសម្លៀកបំពាក់រត់គេចខ្លួនដោយទុកឱ្យគាត់ជាអ្នកទទួលរ៉ាប់រងបង់សងជំនួសវិញ។ គាត់បន្តទៀតថា ទោះបី ជាយ៉ាងណាក៏ដោយបន្ទុកទាំងនេះធ្លាក់មកលើគាត់ ដូច្នេះគាត់សន្យានឹងរកប្រាក់សងកូនតុងទីនទាំងអស់ឱ្យខាងតែបាន តែសុំកុំឱ្យពួកគេកើតចលាចលឬប្តឹងសមត្ថកិច្ច បើពុំដូច្នោះទេប្រាក់ទាំងអម្បាលម៉ានទុកជា អសារបង់ដោយគាត់មិនទទួលខុសត្រូវនោះឡើយ ។
សូមបញ្ជាក់ថា ការលេងតុងទីននេះត្រូវ បានមេបោកយកលុយរត់អស់ជារឿយៗ តែ អ្នកលេងនៅតែមិនរាងចាលឡើយ ហើយពេលនេះជាការលេងធំត្រូវមេតុងទីនប្រមូល ប្រាក់បានហើយរត់គេចខ្លួនបាត់ ៕ ស សារ៉េត