ខេត្តកំពត៖ បើយោងតាមការអះអាងរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះថា៖ មន្ត្រីនគរបាល មន្ត្រីកងអាវុធហត្ថ និងអ្នកពាក់ព័ន្ធគប់គិតគ្នាកាត់សៀលចូលលួចសម្ភារ ដែលជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រែកចាក ត្រូវបានផ្ទេរសំណុំរឿងទៅតុលាការរាជធានីភ្នំពេញរួចហើយ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានគូសបញ្ជាក់យោងតាមបណ្តាញសង្គមហ្វេកប៊ុកផ្លូវការ ថា ចំពោះករណីពាក់ព័ន្ធចូលយកសម្ភារៈក្នុងទីតាំងបិតសៀលនៅក្នុងកាស៊ីណូព្រែកចាករបស់សមត្ថកិច្ចដែលបានប្រចាំការនៅទីនោះកន្លងមកករណីខាងលើនេះត្រូវបាន ផ្ទេរសំណុំរឿងទៅតុលាការរាជធានីភ្នំពេញរួចហើយ។
តបជាមួយសំណួរសួរថា ហេតុអ្វីមិនបង្ហាញមុខ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ពន្យល់ថា ករណីនេះត្រូវបន្តនិតិវិធីជាបន្តបន្ទាប់ទៀត គ្មានអ្វីដែលត្រូវលាក់បាំងនិងការពារចំពោះបុគ្គលដែលល្មើសច្បាប់ និងបានធ្វើអោយប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងកំលាំងនគរបាលជាតិនោះទេ។
លោកសង្កត់ធ្ងន់ថា “ករណីនេះ ត្រូវបន្តនិតិវិធីជាបន្តបន្ទាប់ទៀត គ្មានអ្វីដែលត្រូវលាក់បាំង និង ការពារចំពោះបុគ្គលដែលល្មើសច្បាប់ និង បានធ្វើអោយប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងកំលាំងនគរបាលជាតិនោះទេ”
ទាក់ទងករណីនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានថ្លែងថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិតជាបានទទួលសំណុំរឿងរួចហើយ កាលពីរសៀលថ្ងៃទី ៣០ ឧសភា ឆ្នាំ២០២៦នេះ។លោកថា អយ្យការ បាននឹងកំពុងចំណាត់ការលើរឿងនេះដោយយកចិត្តទុកដាក់បំផុត។
គួរបញ្ជាក់ថា ថ្មីនេះ មានមន្ត្រីនគរបាល និងមន្ត្រីកងអាវុធហត្ថ ជាង ៣០នាក់ នៅខេត្តកំពត ត្រូវបានចាប់ខ្លួន ក្រោយពួកគេគប់គិតគ្នាកាត់សៀលចូលលួចសម្ភារ ដែលជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រែកចាក ក្រោយបង្ក្រាប Scam Online កាលពីពេលកន្លងទៅ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច