ភ្នំពេញ៖ សង្គ្រាមពាក្យសម្តីរវាងតារាសម្តែង ប៉ែន ចំរ៉ុង និងឪពុក ភិន សុដាលីសបានកក្រើកជាថ្មីក្រោយពីប៉ែន ចំរ៉ុងបង្ហើរសារថ្មីមួយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ មិនទុកយូ លោកអិុន សុភិន បាននិយាយវាយបកដោយចំៗទៅប៉ែន ចំរ៉ុងវិញយ៉ាងចាស់ដៃហើយក៏បើកផ្លូវស្វាគមន៍ប៉ែន ចំរ៉ុង វិញ២៤ម៉ោង។
ថ្មីៗនេះប៉ែន ចំរ៉ុង បានបង្ហោះសារខ្លី មួយបញ្ជាក់ថាការដែលលោកមិនឆ្លងមិនឆ្លើយក្រោយការវាយបកយ៉ាងចាស់ដៃពីសំណាក់លោក អុិន សុភិន និង ភិន សុដា លីស គឺមិនមានន័យថា ខ្លួនខុសតែគឺដើម្បី ទុកមុខឲ្យខាងស្រី។ ប៉ែន ចំរ៉ុងលើកឡើង ថា”រឿងនៅតុលាការតុលាការបានសម្រេចសាលក្រមរួចរាល់ហើយ ហើយពេលនោះ នៅក្នុងតុលាការយ៉ាងណាមានតែតុលាការ ចៅក្រម មេធាវី និងសាមីខ្លួនទើបដឹងរឿងពិត។ខ្ញុំមិនបកស្រាយគឺខ្ញុំមានហេតុផល របស់ខ្ញុំ ហើយក៏គ្រាន់តែមិនចង់បន្តបញ្ហាជាមួយអ្នកណាទៀត ព្រោះអ្វីៗត្រូវបាន បញ្ចប់ហើយ។តែរឿងកូននិងឳពុកគឺរឿងមនោសញ្ចេតនាមួយផ្សេងទៀតសូម្បីតែ ច្បាប់ក៏មិនអាចកាត់ផ្តាច់បានដែរ ។សូមទោសទុកជាមុនបើការបញ្ចេញមតិរបស់ខ្ញុំប៉ះពាល់ដល់សតិអារម្មណ៍អ្នកណាម្នាក់ (ថ្ងែស្អែកមានរឿងអីកើតឡើងគ្មានអ្នកណាដឹងទេ សូមរក្សាទឹកចិត្តល្អ ការគិតល្អ ស្វែងរកអនាគតល្អ ដើម្បីរស់ក្នុងពិភពលោកដ៏ស្រស់ស្រាយនេះបន្តទៀត )”។
ការលើកឡើងនេះបានដុតកម្តៅឲ្យអារម្មណ៍លោកអិុន សុភិន ជាថ្មី។ លោកបានប្រកាសថា សូមឲ្យលោកប៉ែន ចំរ៉ុង បញ្ចេញនូវអ្វីដែលខ្លួនចង់លាតត្រដាងឲ្យបានឆាប់រហ័សដោយលោកបញ្ជាក់ថាលោករីករាយស្វាគមន៍ការលាតត្រដាងរបស់លោកប៉ែន ចំរ៉ុង ២៤ម៉ោងដើម្បីឲ្យរឿងឆាប់ចប់។ លោកបញ្ជាក់ថាពីដំបូងដាលីសយំស្រែកមិនព្រមលែងលះឡើយដោយខ្លាចកូនកើតមកគ្មានឪពុក ។ លោកបញ្ជាក់ដែរថា”នៅ ពេលពេលនេះមិនដូចពេលមុនទៀតនោះទេទោះបី ចំរុង មិនព្រមចុះហត្ថលេខាក៏ តុលាការគង់តែសម្រេចដែរ។ ហើយខ្ញុំនិងកូនស្រីសុំមិនទទួលអ្វីៗគ្រប់យ៉ាងពី ប៉ែន ចំរុង ក្នុងការចិញ្ចឹមចៅ”។មិនតែប៉ុណ្ណោះ កំឡុងពេលផ្ដល់បទសម្ភាសន៍នោះ អុិន សុភិន ប្រកាសក្ដែងៗថាលោកមិនខ្លាច ប៉ែន ចំរុង លើកចំណុចខ្សោយខ្លួនមកបរិហារកេរ្ត៍សូម្បីតែបន្តិចទោះបីទៅតាមផ្លូវណាក៏ដោយ។
គួរបញ្ជាក់ដែរថាជាង៧ខែហើយតារាសម្តែងនិងពិធីករប៉ែន ចំរ៉ុង បានដាក់ ពាក្យលែងលះភរិយា ភិន សុដាលីសគ្រាដែលនាងមានផ្ទៃពោះ៥ខែមកម្លេ៉ះ។ ភិន សុដាលីសដែលបន្តធ្វើជាមនុស្សស្រីរឹងមាំ បានក្លាយខ្លួនជាម្តាយផងនិងជាឪពុកផង។ ក្រោយរងចាំអស់ជាច្រើនខែតារាស្រីរូបនេះបានសម្រេចបំណងជួបមុខកូនស្រីក្រោយពីការសម្រាលដោយវះកាត់នៅ មន្ទីរពេទ្យ Royal Phnom Penh កាលពី ដើមខែតុលា ។ ក្រោយធ្លាយដំណឹងដាក់ពាក្យប្តឹងលែងលះភរិយាដែលមានផ្ទៃពោះជិត៤ខែ មានមតិរិះគន់ជាច្រើនបាក់ស្រោចមកលើលោក ប៉ែន ចំរ៉ុង ថាជាបុរសដែលមិនមានទំនួលខុសត្រូវចំពោះប្រពន្ធកូនផ្ទុយពីពាក្យដែលលោកសន្យាតាមកញ្ចក់ទូរ ទស្សនមុខមហាជន ៕ វឌ្ឍនា