ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ចំនួន ១ខ្នង មាន៤បន្ទប់ និងសមិទ្ធផលនានានៅសាលាបឋមសិក្សា ហ៊ុន សែន ឈើកាច់ និងខ្លោងទ្វារវត្តព្រះវិហារគុហ៍ ស្ថិតនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាទាំងអស់ ត្រូវបន្តបំផុសស្មារតីអប់រំកុមារ ពីវ័យក្មេងឱ្យយល់ដឹងពីតម្លៃនៃការសិក្សា ព្រោះកុមារប្រៀបដូចជា ក្រដាសសមួយសន្លឹក ដែលងាយនឹងទទួលយកការបណ្តុះបណ្តាល និងការអប់រំ។
ភ្ជាប់នឹងការលើកឡើងអំពីសារៈសំខាន់នៃការចូលរួមរបស់អាណាព្យាបាល ឱ្យបានសកម្មខ្លាំងក្លា ដើម្បីបង្កលក្ខណៈគាំទ្រដល់ការអប់រំកុមារតូចជាកូនចៅរបស់ខ្លួន ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ទៀតថា ការតម្រង់ទិស និងការផ្តល់ចំណេះដឹង ជាមូលដ្ឋានគ្រឹះល្អៗចាប់ពីវ័យតូច គឺជារឿងចាំបាច់បំផុតដើម្បីពត់លម្អអត្តចរិត បណ្តុះសីលធម៌ និងត្រៀមលក្ខណៈសម្បត្តិឱ្យពួកគេក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិនៅពេលអនាគត។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារមត្តេយ្យសិក្សា និងសមិទ្ធផលនានាពេលនេះ ពិតជាមានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។ ឯកឧត្តមបានបន្ថែមថា សមិទ្ធផលទាំងនេះ មិនត្រឹមតែជាការចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងវិស័យអប់រំ ដែលជាអាណាចក្រក្នុងការកសាងធនធានមនុស្សសម្រាប់អនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីកន្លែងសម្រាប់បណ្តុះស្មារតីសីលធម៌ និងគុណធម៌ដល់កុមារ ដែលជាការឆ្លុះបញ្ចាំងពីការថែរក្សា និងលើកកម្ពស់វិស័យ ពុទ្ធចក្រ ឱ្យមានភាពរុងរឿងតាមរយៈការអប់រំមនុស្សឱ្យមានក្តីមេត្តា និងការចែករំលែក។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ អាជ្ញាធរ ក៏ដូចជាសប្បុរសជននានា ដែលបានរួមគ្នាបង្កើតសមិទ្ធផលទាំងនេះឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងវិស័យអប់រំនៅតាមមូលដ្ឋាន ជាពិសេសការកែលម្អបរិយាកាសសិក្សាឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាពសម្រាប់កូនចៅប្រជាពលរដ្ឋ។
ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីតាមដានការសិក្សា និងការរស់នៅរបស់កុមារឱ្យបានជាប់លាប់ និងបានលើកទឹកចិត្តឱ្យបង្កើនការយកចិត្តទុកដាក់លើសុខភាព អនាម័យ និងសីលធម៌នៃការរស់នៅរបស់សិស្សានុសិស្ស ដោយត្រូវចាត់ទុកថា សាលារៀនគឺជាផ្ទះទីពីរ ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានទាំងចំណេះដឹង ចំណេះធ្វើ និងគុណធម៌ដ៏ប្រពៃ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង ដើម្បីទុកជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សារបស់កូនចៅជំនាន់ក្រោយៗទៀត ឱ្យទទួលបាននូវការអប់រំប្រកបដោយគុណភាព និងបរិយាកាសសិក្សាដ៏ល្អប្រសើរ។
គួរបញ្ជាក់ថា អគារមត្តេយ្យសិក្សាថ្មីចំនួន ១ខ្នង ព្រមទាំងសមិទ្ធផលនានានៅសាលាបឋមសិក្សា ហ៊ុន សែន ឈើកាច់ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានចំណាយថវិកាសរុបចំនួន ៨៨.៧៥៧ដុល្លារ។ ទន្ទឹមនឹងនេះ ក៏មានសមិទ្ធផលបន្ថែមទៀត រួមមាន ការកែលម្អ និងជីកស្តារស្រះទឹក ការសាងសង់ខ្លោងទ្វារសាលាបឋមសិក្សា ហ៊ុន សែន ឈើកាច់ ខ្លោងទ្វារវត្តព្រះវិហារគុហ៍ និងការបំពាក់បន្ទប់កុំព្យូទ័រព្រមទាំងកុំព្យូទ័រចំនួន ២៥គ្រឿង។ សរុបថវិកាសម្រាប់ការសាងសង់ និងការបំពាក់ឧបករណ៍នានា ដែលដាក់សម្ពោធនាឱកាសនេះ មានចំនួន ១៤២.៤០៣ដុល្លារសហរដ្ឋអាម៉េរិក៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច