ខេត្តបាត់ដំបង៖ សមត្ថកិច្ចស្រុកសំឡូតបានឱ្យដឹងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៦និង៣០នាទី នៅចំណុចវាលធ្មា ភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីធ្វើឲ្យខូចខាតដោយចេតនា (ប្រើត្រាក់ទ័រ) មួយកើតឡើង បង្កដោយជនសង្ស័យ០៣នាក់ គឺ ១.ឈ្មោះ អេង ណាវី ភេទប្រុស អាយុ៤៥ឆ្នាំ (ជាមេការ), ២.ឈ្មោះ វ័រ វូ ភេទប្រុស អាយុ ១៨ឆ្នាំ (ជាតៃកុងត្រាក់ទ័រ) និង ៣.ឈ្មោះ កែវ បូរី ភេទ ប្រុស អាយុ២៦ឆ្នាំ (ជាតៃកុងត្រាក់ទ័រ) រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកត្រាក់ទ័រទៅឈូសឆាយបុកផ្ទះ និងរោងចំការ របស់ជនរងគ្រោះ ឈ្មោះ ប៉ិ វ៉ាន់ ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បណ្តាលឲ្យខូចខាត។
ក្រោយពេលកើតហេតុ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសំរិល ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ នៅវេលាម៉ោង ២១និង១០នាទី នៅថ្ងៃខែឆ្នាំដដែល នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បីធ្វើការសាកសួរតាមនីតិវិធី។
ក្រោយពីសាកសួរ ជនសង្ស័យទាំង០៣នាក់ខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកត្រាក់ទ័រទៅឈូសឆាយបុកផ្ទះ និងរោងចំការ តាមបញ្ជារបស់ ឈ្មោះ សន រ៉ាណែត ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង នៅត្រង់ចំណុចកើតហេតុខាងលើ ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច