ព័ត៌មានទាន់ហេតុការណ៍៖

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា

ចែករំលែក៖

ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា ដើម្បីធានាបាននូវសុខសន្តិភាព និងសុវត្ថិភាពពេញលេញនៅតាមតំបន់ព្រំដែន។

ការប្តេជ្ញាចិត្តរបស់ លោក វ៉ី សំណាង នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «ពិព័រណ៍ពាណិជ្ជកម្ម ធីបៀន-អានយ៉ាង ឆ្នាំ២០២៦» (Tịnh Biên – An Giang 2026) បានប្រារព្ធធ្វើឡើងនៅសួនឧស្សាហកម្ម ស៊ូន តូ សង្កាត់ទិញបៀន ខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃព្រហស្បតិ៍ទី៤ ខែមិថុនា ឆ្នាំ២០២៦។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្តចំនួន៣ របស់ព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ខេត្តតាកែវ ខេត្តកណ្តាល និងខេត្តកំពត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃខេត្តជាប់ព្រំដែន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផងដែរ។

ក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងសុន្ទរកថាគន្លឹះ ដោយបានលើកឡើង និងសង្កត់ធ្ងន់ទៅលើចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តតាកែវ និងខេត្តអានយ៉ាង ដោយលើកឡើងពីការ រឹតចំណងមិត្តភាព និងសាមគ្គីភាពប្រពៃណី ពីទំនាក់ទំនងភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាការរក្សាបាននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តអានយ៉ាង នាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍ។

លោកអភិបាលខេត្តរូបនេះ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាពេលនេះ គឺជាសក្ខីភាពមួយយ៉ាងច្បាស់ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងការវិនិយោគរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។ ពិព័រណ៍នេះ មិនត្រឹមតែជាវេទិកាសម្រាប់ផ្លាស់ប្តូរផលិតផល និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមាសសម្រាប់ពាណិជ្ជករ និងវិនិយោគិន ក្នុងការស្វែងរកដៃគូសហការ និងពង្រីកទីផ្សារទៅវិញទៅមក។

លោក វ៉ី សំណាង បន្តទៀតថា ក្នុងនាមអាជ្ញាធរខេត្តតាកែវ លោកបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចខេត្តអានយ៉ាង ក្នុងការបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ការផ្លាស់ប្តូរទំនិញរបស់ប្រជាពលរដ្ឋ និងការរួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា ដើម្បីធានាបាននូវសុខសន្តិភាព និងសុវត្ថិភាពពេញលេញនៅតាមតំបន់ព្រំដែន៕

ដោយ៖តារា


ចែករំលែក៖