ខេត្តកណ្តាល៖ លំនៅដ្ឋានមួយខ្នងរងការឆេះ អស់ទាំងស្រុង ក្រោយឆ្លងចរន្តអគ្គីសនីក្លាយជាអគ្គីភ័យ ដោយកើតហេតុកាលពីវេលាម៉ោង ០៩និង១៥នាទី ថ្ងៃទី០៤ ខែមិថុនាឆ្នាំ ២០២៦ នៅចំណុចភូមិទ្រា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។
លោក ចេង ឌីណា ប្រធានគណ:បញ្ជាការឯកភាពស្រុក បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ លឿង សុខស៊ីម ភេទស្រី អាយុ៦២ឆ្នាំ ជាមេគ្រួសារនិងមានសមាជិក ចំនួន០៤នាក់,ផ្ទះខូចខាតមានទំហំ(៧មx៨ម )ជាផ្ទះ ប៉ិត ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដា រនាបឬស្សី ត្រូវឆេះអស់ទាំងស្រុង ។ សំភារៈបាត់បង់ ÷ ម៉ូតូ០១គ្រឿង,ម៉ូទ័របូមទឹក០១គ្រឿង,កង់០១គ្រឿង,ប្រាក់ចំនួន២០ មុឺន រៀល,ស្រូវ ០៥បេ,សំលៀកបំពាក់ នឹងសំភារ: មួយចំនួនទៀត ។
លោក ចេង ឌីណា បន្តទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម លោកបានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាព ចុះអន្តរាគមន៍ដោយសហការជាមួយលោក វរសេនីយ៏ឯក ប៉ាង សុខឃឿន អធិការនគរបាលស្រុក បញ្ចេញរថយន្តពន្លត់អគ្គីភ័យ ប្រើប្រាស់ទឹកអស់ចំនួន០២ រថយន្តស្មើនឹង១៤ម៉ែត្រគូប បាញ់ទឹកពន្លត់ ដោយភ្លើងបានរលត់ទាំងស្រុងនៅវេលា ម៉ោង ១១និង០០នាទី ក្នុងថ្ងៃដដែល ដោយមិនឆេះរាលដាលដល់លំនៅដ្ធានក្បែរខាងគ្នាឡើយ និងក៏មិនមានរងរបួសគ្រោះថ្នាក់ដល់មនុស្សនោះទេ។ មូលហេតុ គឺផ្តើមពីឆ្លងចរន្តអគ្ឋីសនីនៅក្នុងផ្ទះ ទើបបណ្តាលឱ្យក្លាយជាអគ្គីភ័យកើតឡើង ។
បន្ទាប់ភ្លាមនោះដែរ លោក ចេងឌីណា ក្នុងនាមប្រធានអនុសាខាកាកបាទក្រហម ស្រុកខ្សាច់កណ្តាល ក៏បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកនូវអំណោយមនុស្សធម៌សង្គ្រោះ ផ្តល់ជូនក្រុមគ្រួសារស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ ។ អំណោយរួមមាន ÷ អង្ករ ១០០ គីឡូក្រាម- ទឹកសុទ្ធម០៤កេស – កៅស៊ូតង់ធំ០១ផ្ទាំង-ត្រីខកំប៉ុង០២យួរ- ទឹកត្រី២យួរ-ទឹកស៊ីអ៉ីវ ០២យួរ -មី ០២កេះ – មុងភួយ កន្ទេលខ្នើយ និង សម្ភារផ្ទះបាយ០១ឈុត សម្ភារ: គិត ជាថវិកា៨០០.០០០ រៀល (ប៉ែតសឹបម៉ឺនរៀល ) និងឧបត្ថម្ភថវិការ ៣០០.០០០ រៀល(សាមសិបម៉ឺនរៀល) ដើម្បីសម្រាលបន្ទុកដល់ក្រុមគ្រួសាររងគ្រោះ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច