ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ 

ចែករំលែក៖

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា និងសមិទ្ធផលនានា របស់អង្គការកុមារកម្ពុជារីករាយ ស្ថិតនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ លើកទឹកចិត្តដល់អង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រកម្ពុជា និងកុមារងាយរងគ្រោះ ឱ្យទទួលបានការអប់រំជាថ្នាលឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព និងធនធានមនុស្សឱ្យកាន់តែមានគុណភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងចំពោះអង្គការកុមារកម្ពុជារីករាយ ដែលចាប់តាំងពីឆ្នាំ២០១៨មក បានពង្រីកការគាំទ្រវិស័យអប់រំ ទៅកាន់ខេត្តគោលដៅ ចំនួន ៩ និងបានវិនិយោគធនធានជាច្រើនក្នុងការលើកកម្ពស់គុណភាពអប់រំ និងឱកាសសិក្សារបស់កុមារកម្ពុជា ដែលនេះគឺជាការអនុវត្តដ៏ត្រឹមត្រូវ និងចំទិសដៅ ក្នុងការធានាថា កុមារងាយរងគ្រោះ និងក្រីក្រ នៅតាមតំបន់ដាច់ស្រយាល អាចអាន សរសេរ និងគណនាលេខ បានយ៉ាងស្ទាត់ជំនាញ នៅពេលបញ្ចប់ថ្នាក់ទី៦។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិគីនចាន់ ដែលបានផ្ដួចផ្ដើមបង្កើតអង្គការកុមារកម្ពុជារីករាយ និងបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់សប្បុរសជននានា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

តាមរយៈការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានា របស់អង្គការកុមារកម្ពុជារីករាយនាឱកាសនោះ ប្រមុខក្រសួងមហាផ្ទៃ សង្ឃឹមថាសមិទ្ធផលនេះ នឹងក្លាយជាប្រភពនៃចំណេះដឹង ក្តីសង្ឃឹម និងកាលានុវត្តភាពសម្រាប់កុមាររាប់ពាន់នាក់ នាពេលអនាគត និងសូមឱ្យទីកន្លែងនេះ ក្លាយទៅជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយចំណេះដឹង គុណធម៌ និងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នា ថែរក្សានិងលើកកម្ពស់គុណភាពអប់រំ ដើម្បីធានាថា កុមារកម្ពុជាគ្រប់រូប ទោះរស់នៅទីណាក៏ដោយអាចទទួលបានឱកាសសិក្សាប្រកបដោយសមធម៌ គុណភាពនិងបរិយាបន្ន ព្រោះការវិនិយោគលើកុមារ នៅថ្ងៃនេះ គឺជាការកសាងភាពរុងរឿងរបស់កម្ពុជានៅថ្ងៃស្អែក។

គួររម្លឹកថា ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន អង្គការកុមារកម្ពុជារីករាយ ដែលបង្កើតឡើងដោយមូលនិធិ គីនចាន់ បានចុះប្រតិបត្តិការយ៉ាងសកម្មក្នុងវិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល ក្នុងខេត្តចំនួន ៩ រួមមាន បាត់ដំបង បន្ទាយមានជ័យ ស្ទឹងត្រែង ព្រៃវែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម សៀមរាប និងរតនគីរី។ គោលដៅសំខាន់នៃគម្រោងនេះ គឺដើម្បីលើកកម្ពស់គុណភាពអប់រំដល់កុមារក្រីក្រ និងកុមារងាយរងគ្រោះ ដោយធានាឱ្យបានថា សិស្សដែលបញ្ចប់ការសិក្សាថ្នាក់ទី៦ នៅតាមសាលាគោលដៅទាំងអស់ នឹងមានសមត្ថភាពចេះអាន សរសេរ និងគណនាលេខបានយ៉ាងស្ទាត់ជំនាញ គិតត្រឹមឆ្នាំសិក្សា ២០២៥-២០២៦។ តាមរយៈគម្រោងនេះ អង្គការបានគាំទ្រដល់សាលាមត្តេយ្យចំនួន ៩១សាលា និងបឋមសិក្សាចំនួន ៩០សាលា ដែលបានចំណាយថវិកាសរុបចំនួន ១៧.៣២៦.៩៣៤ ដុល្លារអាម៉េរិក៕


ចែករំលែក៖