ក្រុមឧទ្ទាមម៉ៅនិយម១៨នាក់ត្រូវកម្លាំងប៉ូលិសឥណ្ឌាបាញ់ប្រហារកាលពីថ្ងៃទី២៤ ខែតុលា ស្ថិតនៅភាគខាងកើតឥណ្ឌា ក្នុងសកម្មភាពប៉ះទង្គិចគ្នាថ្មីចុងក្រោយបំផុត ។
ក្រុមឧទ្ទាមប្រមាណ៣០ទៅ៤០នាក់បាននិងកំពុងជួបប្រជុំគ្នា នៅជិតព្រំដែន Odisha រដ្ឋ Andhra Pradesh ហើយសមត្ថកិច្ចក៏មានការអន្តរាគមន៍ស្ទាក់បាញ់ប្រហារតែម្តង ។
ប្រភព AFP បានផ្សាយថា ប៉ូលិសបានរកឃើញសាកសព១៨នាក់ ដែលជាក្រុមម៉ៅនិយម ។ ប្រតិបត្តិការរបស់ប៉ូលិសនៅបន្តធ្វើឡើង ។ ក្រុមឧទ្ទាមម៉ៅនិយមត្រូវគេសន្និដ្ឋានថា អាចបាត់បង់ជីវិតកើនច្រើនជាងនេះ ។ អាវុធកែច្នៃរបស់ក្រុមឧទ្ទាមត្រូវប៉ូលិសរកឃើញ និងរឹបអូសយកផងដែរ ។
ក្រុមឧទ្ទាមម៉ៅនិយមបានកកើតឡើងនៅក្នុងប្រទេសឥណ្ឌាតាំងពីឆ្នាំ១៩៦០មកម្ល៉េះ ដែលធ្វើសកម្មភាពតាមមាគ៌ាដូចបដិវត្តន៍មេដឹកនាំចិន ម៉ៅ សេទុង បង្កឲ្យបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ ។
ក្រុមឧទ្ទាមនេះ ត្រូវអតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ាន់ មូហានស៊ីង ចាត់ទុកថា ជាក្រុមគំរាមកំហែងសន្តិសុខដ៏គ្រោះថ្នាក់នៅក្នុងតំបន់ ។ ពួកគេវាយប្រហារដើម្បីដណ្តើមគ្រប់គ្រងដីធ្លី ការងារ និងសិទ្ធិសេរីភាពក្រុមជនភាគតិចផ្សេងទៀត ៕ ថាច់ យ៉ាត