ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សប្រុស ស្រី៣នាក់បានរងរបួសបន្ទាប់ពីពួកគេជិះម៉ូតូ២គ្រឿងលឿនបុកគ្នាកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអង្គរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សេនជ័យ រាជធានីភ្នំពេញ ។

ជនងគ្រោះ ឈ្មោះ ហុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ និង ប្រពន្ធ ឈ្មោះ កង រ៉េត អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិត្រពាំងក្រោញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BN-៦៨៣៥ ។ ចំណែកម៉ូតូ១គ្រឿងទៀតម៉ាក XR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១FM-៨២៨៣ ។

ប្រភពរាយការណ៍ថា មុនពេលកើតហេតុ គេឃើញប្តីប្រពន្ធជិះម៉ូតូហុងដាឌ្រីម ទើបនឹងមកពីហូបការ ជិះម៉ុតូពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចខាងលើបានបត់ឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ពេលឆ្លងជិតផុតហើយស្រាប់តែមានម៉ូតូ១គ្រឿងជាប្រភេទម៉ូតូធំម៉ាក XR បើកដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបានបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ចំណែកម៉ូតូរងការខូចខាតទាំងសងខាង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ ចំណែកម៉ូតូសមត្ថកិច្ចមូលដ្ឋានបានធ្វើកាវាស់វែងយកទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

image1


ចែករំលែក៖