ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចាត់តាំងពីសំណាក់លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, លោក ម៉ែន អេង អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ សម្របសម្រួលជូនលោក គីម ឆាងយ៉ូង (Kim Chang-nyong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចុះពិនិត្យផ្ទាល់ដល់ទីតាំងធ្លាប់បង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងច្រកព្រំដែនអន្តរជាតិបាវិត ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

លោក ម៉ែន អេង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក គីម ឆាងយ៉ូង និងគណៈប្រតិភូស្ថានទូតកូរ៉េ។ បន្ទាប់មក ភាគីទាំងពីរបានបន្តចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពសន្តិសុខ ការគ្រប់គ្រងលំហូរឆ្លងដែន និងកិច្ចសហប្រតិបត្តិការនានា។

នៅក្នុងដំណើរចុះពិនិត្យជាក់ស្តែង លោកអភិបាលរងខេត្ត និងឯកអគ្គរដ្ឋទូត រួមជាមួយកងកម្លាំងមានសមត្ថកិច្ច បានអញ្ជើញទៅពិនិត្យមើលអគារ និងទីតាំងមួយចំនួនដែលធ្លាប់រងការបង្ក្រាបពាក់ព័ន្ធ នឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត។

ការចុះពិនិត្យនេះ គឺដើម្បីបង្ហាញពីភាពម៉ឺងម៉ាត់ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក៏ដូចជាខេត្តស្វាយរៀង ក្នុងការលុបបំបាត់រាល់បទល្មើសបច្ចេកវិទ្យាឆ្លងដែនខុសច្បាប់ ធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារសុវត្ថិភាពជូនដល់ជនបរទេសដែលមកវិនិយោគ និងស្នាក់នៅក្នុងប្រទេសកម្ពុជា។

ជាមួយនៃដំណើរទស្សនកិច្ចនេះ លោក ម៉ែន អេង អភិបាលរងខេត្ត និងលោក គីម ឆាងយ៉ូង ព្រមទាំងគណៈប្រតិភូ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ បានអញ្ជើញទៅពិនិត្យច្រកព្រំដែនអន្តរជាតិបាវិត និងថតរូបនៅបង្ដើគោលព្រំដែន ដើម្បីទុកជាអនុស្សាវរីយ៍ និងបង្ហាញពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរផងដែរ៕

ដោយ៖សុថាន


ចែករំលែក៖