ព័ត៌មានទាន់ហេតុការណ៍៖

បុរសខ្មែរម្នាក់មុជទឹកសមុទ្រស្រង់លបដាក់ត្រីចិញ្ចឹមគ្រួសារ បាត់ខ្លួន ២ ថ្ងៃបានរកឃើញសព

ចែករំលែក៖

ថៃ÷សេចក្តីរាយការណ៍នៅថ្ងៃទី១៧ មិថុនា ២០២៦នេះថា មន្ត្រីនគរបាលប៉ុស្តិ៍ក្រុងប៉ាតាយ៉ា ប្រចាំអង្គភាពស៊ើប អង្កេតកោះឡាននិងមន្ត្រីជួយសង្គ្រោះនៃមូលនិធិ Sawang Boriboon Thammasathan ប្រចាំក្រុងប៉ាតាយ៉ា ទទួលរបាយការណ៍ថា បានរកឃើញសាក សពអណ្តែតទឹកនៅកណ្តាលសមុទ្រ ទល់មុខឆ្នេរធៀន (Hat Thien) កោះឡាន ស្រុកបាងឡាមុង ខេត្តឈុន បុរី ចម្ងាយប្រហែលកន្លះម៉ាយសមុទ្រពីឆ្នេរ ទើបចុះទៅពិនិត្យមើល។

តាមរយៈការពិនិត្យ បានបញ្ជាក់ថា ជារូបរាងកាយរបស់លោក សេង ទីណូ (Tino Seng) អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែររស់នៅខេត្តបន្ទាយមានជ័យ ដែលបានបាត់ខ្លួនអំឡុងពេលមុជទឹកស្រង់លបដាក់ត្រី តាំងពីថ្ងៃទី ១៥ មិថុនា កន្លងទៅ។ ក្រុមជួយសង្គ្រោះនិងអ្នកមុជទឹក បានប្រមូលកម្លាំងស្វែងរកទាំងក្រោមទឹកនិងលើផ្ទៃទឹកជាបន្តបន្ទាប់អស់រយៈពេល ២ ថ្ងៃ ប៉ុន្តែមិនរកឃើញ ដោយសារតែតំបន់នោះមានចរន្តទឹកហូរខ្លាំង និងជាផ្លូវទឹកហូរឆ្លងកាត់។

គេរកឃើញថា អ្នកស្លាប់បានពាក់ឈុតមុជទឹកស្គូបា (Scuba) រួមជាមួយធុងខ្យល់ និងខ្សែរេហ្គូឡាទ័រ (Regulator) តែ១ខ្សែប៉ុណ្ណោះ ហើយកុងទ័រវាស់បរិមាណខ្យល់ និងឧបករណ៍សម្រួលសម្ពាធនោះទេ ដែលឧបករណ៍ទាំងនេះចាត់ទុកជាឧបករណ៍សំខាន់សម្រាប់ការមុជទឹកជ្រៅ។ ក្រៅពីនេះ គេក៏បានរកឃើញ ថាខ្យល់នៅក្នុងធុងត្រូវបានប្រើប្រាស់អស់រលីង ហើយអ្នកស្លាប់បានពាក់សំណរនាំទម្ងន់ប្រហែល ៦-៨ គីឡូក្រាម។

ស្ត្រី ខ្វាន់តា ក្រុងរ៉ាក់ (Khwanta Krungra) អាយុ ៣៩ ឆ្នាំ ភរិយារបស់អ្នកស្លាប់ បានទម្លាយទាំងទឹកភ្នែកថា មុនពេលកើតហេតុ ស្វាមីបានប្រាប់ថានឹងចេញទៅមុជទឹករកត្រី ដើម្បីយកមកចិញ្ចឹមគ្រួសារ និងលក់ឱ្យហាងអាហារសមុទ្រ ដោយបាននិយាយគ្នាចុងក្រោយនៅវេលាថ្ងៃត្រង់ ថ្ងៃទី ១៥ មិថុនា មុនពេលដាច់ការ ទាក់ទង និងបាត់ខ្លួនទៅ។

សមត្ថកិច្ចបានសន្និដ្ឋានថា អ្នកស្លាប់អាចនឹងជួបបញ្ហាអស់ខ្យល់ក្នុងធុងអំឡុងពេលមុជទឹកជ្រៅ ហើយមិនអាចអណ្តែតខ្លួនឡើងមកលើផ្ទៃទឹកបាន ដោយសារតែឧបករណ៍មុជទឹកមិនគ្រប់គ្រាន់តាមស្តង់ដារ រួមផ្សំនឹងការមានសំណរនាំទម្ងន់ជាច្រើន ទើបបណ្តាលឱ្យលង់ ទឹកស្លាប់។ ទោះជាយ៉ាងណាក៏ដោយ នឹងត្រូវបញ្ជូនសាកសពទៅធ្វើកោសល្យវិច័យយ៉ាងលម្អិតម្តងទៀត មុននឹងប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា៕


ចែករំលែក៖