ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាជម្រាបកិច្ចប្រជុំលើកទី៣៦ នៃរដ្ឋភាគី UNCLOS អំពីមូលហេតុដែល កម្ពុជាជ្រើសរើសការផ្សះផ្សារដោយបង្ខំ ក្នុងការដោះស្រាយជម្លោះដែនសមុទ្រ កម្ពុជា-ថៃ 

ចែករំលែក៖

UN៖ ថ្លែងក្នុងកិច្ចប្រជុំលើកទី៣៦ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប. បានសង្កត់ធ្ងន់ថា ដោយសារថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001) ដែលជាឧបករណ៍គតិយុត្តិទ្វេភាគីតែមួយគត់ប្រើជាមូលដ្ឋាននៃការដោះស្រាយតំបន់ត្រួតស៊ីគ្នាលើព្រំដែនសមុទ្រនៃប្រទេសកម្ពុជា និងប្រទេសថៃ នោះកម្ពុជាមិនមានជម្រើសណា ក្រៅពីចាប់ផ្តើមដំណើរការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។

ក្នុងការឆ្លើយតបទៅនឹងការលើកឡើងរបស់តំណាងថៃ ដែលថាកម្ពុជាមិនចាប់យកការចរចាទ្វេភាគី ហើយបែរជាធ្វើអន្តរជាតិវូបនីយកម្មនៃជម្លោះទ្វេភាគី លោក យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងបានលើកឡើងថា ថៃមិនបានធ្វើនូវអ្វី ដូចដែលខ្លួនបានលើកឡើងនោះទេ។

ថៃបានលើកពីលេសរាប់សិប ដើម្បីបដិសេធការស្នើកោះប្រជុំចរចាទ្វេភាគីក្រោមក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់គ្នា។ ផ្ទុយទៅវិញថៃលុបចោលអនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគី ហើយថែមទាំងប្រើកម្លាំងទ័ពរំលោភលើដែនអធិបតេយ្យភាពកម្ពុជាតែម្តង។

លោក យោង ចាន់សុភារ បានបញ្ជាក់បន្ថែមថា ខណៈកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាងទាំងអស់ កម្ពុជាជ្រើសរើស ដំណើរការផ្សះផ្សារដោយបង្ខំនេះគឺដើម្បីធានាការការពារ និងការគោរពអធិបតេយ្យ និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា។

កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅពីថ្ងៃ១៥ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ បុរីញូវយ៉កដោយមានការចូលរួមពី ១៧១ប្រទេស និងអង្គការតំបន់មួយ ដែលជាសមាជិកនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រ UNCLOS។

ក្នុងកិច្ចប្រជុំខាងលើនេះដែរ មានការបោះឆ្នោតជ្រើសរើសសមាជិក តុលាការ (ITLOS) នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដែលជាលទ្ធផល ប្រទេសហ្គាណា ទុយនេស៊ី វៀតណាម រុស្ស៊ី ហូឡង់ ឥណ្ឌា និងប្រេស៊ីល ត្រូវបានជាប់ឆ្នោតជាសមាជិក ITLOS៕

ដោយ៖តារា


ចែករំលែក៖