ព័ត៌មានទាន់ហេតុការណ៍៖

បបួលនារីអាយុ១៥ឆ្នាំដើរលេងបែរជានាំចូលចំការស្វាយ ចាប់រំលោភ,ហើយឆាតបបួលនារីម្នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី ១៩ខែមិថុនានេះថា កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង៤៥នាទី ក្រោមការបញ្ជាដឹកនាំលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តកំពង់ស្ពឺ ជនសង្ស័យប្រើល្បិចបបួលជនរងគ្រោះទៅដើរលេងកំសាន្ត ហើយចាប់រំលោភសេពសន្ថវៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ប្រភពឱ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ២០២៦ វេលា ម៉ោង១៩និង៣០នាទី នៅចំការស្វាយក្នុងរមណីយដ្ឋានម៉ុង ឫទ្ធី ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីចាប់រំលោភសេពសន្ថវៈ និងលួចដោយស្ថានទម្ងន់ទោស បង្កដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ប្រើFacebook ឈ្មោះ Ñīñg Fab Sêht ។ ជនរងគ្រោះ ភេទស្រីអាយុ១៥ឆ្នាំ ។

មុនពេលកើតហេតុ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានឆាតតាមរយ: Messenger មកបបួលជនរងគ្រោះមកដើរលេងនៅរមណីយដ្ឋានម៉ុងឫទ្ធី ស្រប ពេលជនរងគ្រោះចង់ស្គាល់រមណីយដ្ឋាននោះផង ក៏យល់ព្រម ។

បន្ទាប់មក ជនសង្ស័យបានជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរី២០២៥ មកដឹកជនរងគ្រោះ នៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ។ ពេលទៅដល់រមណីយដ្ឋានជនសង្ស័យ បានដឹកជនរងគ្រោះ ចូលក្នុងចំការស្វាយ ហើយចាប់ជនរងគ្រោះ យកខ្សែនីឡុង ពណ៍សចងដៃសងខាង យកអាវចងមាត់ យកកាំបិតមុខពីរភ្ជង់គំរាម ចាប់រំលោភសេពសន្ថវៈលើជន រងគ្រោះ រួចដោះយកចិញ្ចៀនផ្លាកទីន១វង់ ទម្ងន់ ១ជី រួចជិះគេចខ្លួនបាត់ និងប្លុកFacebook ។

ក្រោយកើតហេតុជនរងគ្រោះ បានដើរចេញមកក្រៅដោយដៃជាប់ចំណង ហើយបានសន្តិសុខ យាមជួយស្រាយចំណងឲ្យ និងរាយការណ៍មកសមត្ថកិច្ច ។

ក្រោយពីទទួលព័ត៌មាន កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្តបានសហការជាមួយនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវ ដល់កន្លែងកើតហេតុ ។

សមត្ថកិច្ចសន្និដានថា ជនរងគ្រោះពិតជាត្រូវបានជន សង្ស័យមិនស្គាល់អត្តសញ្ញាណ ចាប់រំលោភសេពសន្ថវៈ និងដោះយកចិញ្ចៀន១វង់ពិតមែន ។

ប្រភពបន្តទៀតថា លុះថ្ងៃទី១៥ ខែមិថុនា ២០២៦ វេលាម៉ោង១១និង០០នាទី ជនសង្ស័យខាងលើ បានប្រើ Messenger Facebook ដដែលឆាតមកជនរងគ្រោះ ភេទស្រីអាយុ១៦ឆ្នាំ ម្នាក់ទៀត ដោយបបួលជនរងគ្រោះ មកដើរលេងនៅរមណីយដ្ឋានម៉ុង ឫទ្ធី គោលបំណងប្រើល្បិចយកជនរងគ្រោះ មកចាប់រំលោភសេពសន្ថវៈទៀត។

នៅវេលាម៉ោង១៤និង៤៥នាទី ជនសង្ស័យបានជិះម៉ូតូទៅយកជនរងគ្រោះ តាមផ្លូវជាតិលេខ៥១ ស្ឋិតនៅភូមិស្តុកពៅ សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលក្រុងឧដុង្គម៉ែជ័យ ឃាត់ខ្លួនបានតែម្តង។

ជនសង្ស័យឈ្មោះ បូ ថារាជ ភេទប្រុសអាយុ២៤ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ដកហូតម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅស៊េរី២០២៥ ស្លាកលេខតាកែវ1AE.8456ក្រមា១, កន្រ្ទៃ១ និងទូរស័ព្ទដៃ១គ្រឿង។

ជនសង្ស័យបានសារភាពថា រួបខ្លួនពិតជាបានប្រើល្បិចហៅជនរងគ្រោះដើរលេង ហើយចាប់រំលោភសេពសន្ថវៈ និងដោះយកចិញ្ចៀនពិតមែន៕


ចែករំលែក៖