ខេត្តស្វាយរៀង៖ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិតបានចុះស្រាវជ្រាវនិងបង្រ្កាបករណីសង្ស័យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ៤ទីតាំង ឃាត់មនុស្សសរុបចំនួន ៣២នាក់ ស្រី២នាក់។
សមត្ថកិច្ចនគរបាលបានអោយដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបានចុះស្រាវជ្រាវនិងបង្រ្កាបករណីសង្ស័យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ៤ទីតាំង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ដោយមានការសម្របសម្រួលពី លោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត។
សមត្ថកិច្ចបញ្ជាក់ទៀតថា ជាលទ្ធផល ក្រុមការងារបានរកឃើញករណីពាក់ព័ន្ធ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានមនុស្សសរុបចំនួន៣២នាក់ ស្រី ២នាក់។
ទីតាំងទី១ វត្ថុតាងមានកុំព្យូទ័រយួរដៃ ៣គ្រឿង និងកុំព្យូទ័រលើតុ ៦គ្រឿង ។
ទីតាំងទី២ មានកុំព្យូទ័រយួរដៃចំនួន ២៥គ្រឿង កុំព្យូទ័រលើតុចំនួន ២៣៨គ្រឿង ធុងCPU ចំនួន៥គ្រឿង ទូរស័ព្ទដៃចំនួន១៨១គ្រឿង និង Ipad ចំនួន២៥គ្រឿង។
ទីតាំងទី៣ រកឃើញជនជាតិចិនសរុបចំនួន ១០នាក់ មាន១នាក់មានលិខិតឆ្លងដែនត្រឹមត្រូវ ។
ទីតាំងទី៤ ផ្ទះវីឡា (ភូមិបាវិតលើ) ឈ្មោះ មោះ ប៉ុល រដ្ឋា បានរកឃើញវត្ថុតាងមួយចំនួនដែលសង្ស័យបម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) រួមមាន កុំព្យូទ័រលើតុចំនួន១២គ្រឿង កុំព្យូទ័រយួរដៃ១គ្រឿង ទូរស័ព្ទដៃចំនួន២០គ្រឿង ។ ក្រោយធ្វើការត្រួតពិនិត្យជាក់ស្ដែងរួចរាល់ ជនបរទេសទាំង ៣២នាក់ ស្រី ២នាក់ រួមទាំងវត្ថុតាងខាងលើ បានបញ្ជូនទៅស្នងការដ្ខាននគរបាលខេត្តដើម្បីបន្តនីតិវិធី។
សូមបញ្ជាក់ថា សមាសភាពចូលរួមមាន លោកអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកស្នងការរងខេត្ត លោកអធិការរងទទួលការងារយុត្តិធម៌ក្រុង លោកប្រធានការិយាល័យនីតិកម្ម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច