សារព័ត៌មាន AFP បានផ្សាយថា កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ អង្គការសុខភាពពិភពលោក WHO បានព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវ នៅឯសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៃទ្វិបអាហ្រ្វិកកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស បើទោះបីជាកិច្ចខិតខំប្រឹងប្រែងត្រូវបានបង្កើនឡើងដើម្បីគ្រប់គ្រងវីរុសនេះក៏ដោយ។
មន្រ្តីជាន់ខ្ពស់ WHO ទទួលបន្ទុកភាពអាសន្ននៅទ្វីបអាហ្រ្វិក លោកស្រី Marie-Roseline Belizaire បាននិយាយថា ការឆ្លងរាលដាលអេបូឡានៅកុងហ្គោ នៅតែមានសភាពធ្ងន់ធ្ងរ ហើយកំពុងបន្តវិវត្តយ៉ាងឆាប់រហ័សបំផុត ប៉ុន្តែទន្ទឹមគ្នានេះលោកស្រីក៏បានកត់សម្គាល់ឃើញថា កិច្ចប្រឹងប្រែងឆ្លើយតបកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ការផ្ទុះករណីឆ្លងរាតត្បាតជំងឺអេបូឡានៅប្រទេសកុងហ្គោ ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៥ ខែឧសភា ប៉ុន្តែការចម្លងវីរុសគឺហាក់បានចាប់ផ្តើមដោយមិនបានដឹង មួយរយៈមកហើយ មុនពេលនោះ។ វាបង្កឡើងដោយវីរុសអេបូឡាប្រភេទកម្រហៅថា Bundibugyo ដែលមិនទាន់មានវ៉ាក់សាំងការពារ និងវិធីព្យាបាលជាក់លាក់នៅឡើយ។
យោងតាមរបាយការណ៍ចុងក្រោយរបស់ WHO មកទល់ពេលនេះ មានករណីដែលផ្ទៀងផ្ទាត់ច្បាស់សរុប៨៩៦ករណី រកឃើញនៅកុងហ្គោ ក្នុងនោះរាប់បញ្ចូលទាំងករណីស្លាប់២៣២ករណី ហើយរយៈពេល២៤ម៉ោងចុងក្រោយ គឺមានករណីថ្មី២៤ករណី។ ជាង៩០ភាគរយ នៃករណីដែលរកឃើញនៅកុងហ្គោ គឺស្ថិតក្នុងខេត្ត Ituri ដែលញាំញីដោយជម្លោះ ប៉ុន្តែវីរុសក៏បានឆ្លងរាលដាលដល់ខេត្ត Kivu ខាងជើង និងខេត្ត Kivu ខាងត្បូងផងដែរ ៕

ដោយ៖ ធីរីណា(រូបថត: HTV)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច