ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងទីន័របុកទ្រូងផ្លូវទៀតហើយនៅផ្លូវជាតិលេខ៤ចំណុចមុខវិទ្យាល័យហ៊ុន សែនវាលរេញ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នេះមិនមែនជារឿងគ្រោះថ្នាក់ថ្មីនោះទេ តែជារឿងគ្រោះថ្នាក់កើតឡើងជាបន្តបន្ទាប់ ដែលកាលពីថ្ងៃទី៣ដើមខែនេះ រថយន្តកុងទីន័របានបុកក្បាលនាគពុះទ្រូងផ្លូវនេះដែរ ហើយនៅវេលាម៉ោង ០៨: ២៥នាទីយប់ ថ្ងៃីទី២០មិថុនា២០២៦ រថយន្តកុងតឺន័រ ទិសដៅមកពីភ្នំពេញបានបុកក្បាលនាគពុះទ្រូងផ្លូវនោះចំពេញទហឹង បណ្តាលឲទ្រូងផ្លូវខ្ចាត់ខ្ចាយពេញផ្លូវ រីឯរថយន្តខូចខាតជាខ្លាំង ។

សមត្តកិច្ចឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ០៨:២៥នាទី យប់ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៧៩-១៨០ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយ ខ្លួនឯង មានរថយន្ដ០១គ្រឿង ម៉ាក SCANIA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-8669 និងសឺរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-1017 ដែលមានទិសដៅពី រាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ សូត ថា ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិតាសែន ឃុំសូទិព ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

លុះមកដល់ចំណុចខាងលើ អាកាសធាតុកំពុងមានភ្លៀងធ្លាក់ បានបុកទ្រូងផ្លូវតែម្ដង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលអោយមានមនុស្សរងរបួសទេ ។

វត្ថុតាង(រថយន្ដ) យកមករក្សាទុកជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ដសមត្តកិច្ចបានយកមកសួរនាំ ។

សូមបញ្ចាក់ថានៅចំណុចរង្វង់មួលសួនច្បារវាលរេញ មានទ្រូងផ្លូវ៣ជ្រុង (ផ្លូវជាតិលេខ៤ ពីរកន្លែង និងផ្លូវលេខ៣ មួយកន្លែង )ហើយទាំង៣កន្លែងនេះ កន្លងមកគឺធ្លាប់កើតករណីគ្រោះថ្នាក់រថយន្តបុកបះរហូតមកមានធ្ងន់ មានស្រាល ។

នៅចំណុចក្បាលនាគពុះទ្រូងផ្លូវទាំង៣កន្លែង ខាងជំនាញបានបំពាក់ភ្លើងសញ្ញាសូឡាភ្លឹបភ្លែតដែរ តែការបំពាក់ភ្លើងនេះត្រូវបានបជ្ឈដ្ឋានមួយចំនួនយល់ថា មានពន្លីតិចពេក ដូចនេះ គួតែតំឡើងភ្លើងឲភ្លឺលើសនេះ នោះប្រហែលជាអាចកាត់បន្ថោយគ្រោះថ្នាក់បានច្រើន ជាពិសេសពេលមេឃភ្លៀង ៕


ចែករំលែក៖