ខេត្តបាត់ដំបង៖ ក្រុមឈ្មួញតែងតែរកស៊ីទំនិញគេចពន្ធនៅក្នុងខេត្តបាត់ដំបងនៅតែបន្តយ៉ាងមមាញឹក ដូចករណីខាងលើនេះ សមត្ថកិច្ចបានរឹបអូសរថយន្តមួយគ្រឿងដឹកបារីគេចពន្ទបំរ៉ុងឆ្លងដែនចូលស្រុកសៀមកាលពីវេលាម៉ោងជាង ៤ ទាបភ្លឺ ឈានចូលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នេះ។ សមត្ថកិច្ចប្រាប់ថាៈកម្លាំងសមត្ថកិច្ចចម្រុះបានសហការគ្នា បង្ក្រាបករណីដឹកជញ្ជូនបារីបម្រុងឆ្លងដែនខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ។
តាមប្រភពព័ត៌មានពីមូលដ្ឋានបានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបរថយន្តដឹកទំនិញគេចពន្ធនេះ ធ្វើឡើងដោយមានការចូលរួមសហការពី៖
កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកភ្នំព្រឹកកម្លាំងយោធាវីរៈសេនាតូចលេខ ៥៥១កម្លាំងនគរបាលវីរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៧។
ប្រភពដដែលបានបង្ហើបឱ្យដឹងថា នៅពេលដែលកម្លាំងសមត្ថកិច្ចចម្រុះបានពង្រាយកម្លាំងចុះទៅដល់ទីតាំងកើតហេតុ ក្រុមជនល្មើសដែលជាឈ្មួញខុសច្បាប់បម្រុងនាំបារីទាំងនេះឆ្លងដែនទៅប្រទេសថៃ ដឹងខ្លួនទាន់ក៏បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្តល្មើស។ អ្វីដែលធ្វើឱ្យសមត្ថកិច្ចជួបការលំបាកបន្តិចនោះគឺ ក្រុមជនល្មើសបានចាក់សោរថយន្តជាប់ពីខាងក្រៅ រួចរត់គេចខ្លួនបាត់ ដែលបង្ខំឱ្យសមត្ថកិច្ចជំនាញត្រូវទាក់ទងហៅជាងសោ ដើម្បីមកធ្វើសោចម្លងទើបអាចបើកបរ និងនាំយករថយន្តល្មើសនោះមក រក្សាទុកជាបណ្តោះអាសន្នបាន។
ជាលទ្ធផលនៃការត្រួតពិនិត្យ ឡាន និងទំនិញដែលដកហូតបានរួមមាន៖
បារីគេចពន្ធ៖ ជិត ១០០ ប៊ិច
រថយន្ត៖ ០១ គ្រឿង ម៉ាក Toyota HiAce ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-4463។
ការបែងចែករក្សាទុកវត្ថុតាងជាបណ្តោះអាសន្នៈ
កម្លាំងនគរបាលវីរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៧៖ យកទៅរក្សាទុកចំនួន ២២ ប៊ិច។
កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកភ្នំព្រឹក៖ យកទៅរក្សាទុកចំនួន ៤៦ ប៊ិច រួមទាំងរថយន្ត ០១ គ្រឿងខាងលើ។
ជុំវិញករណីបង្ក្រាបនេះ បានធ្វើឱ្យមានការជជែកដេញដោល និងដាក់ការសង្ស័យយ៉ាងខ្លាំងពីសំណាក់មហាជនថា «តើក្រុមឈ្មួញនៅពីក្រោយខ្នងនៃការជួញដូរបារីគេចពន្ធនេះជានរណា?»។
មហាជនជាច្រើនបានលើកឡើងថា មានតែក្រុមអ្នកមានខ្នងបង្អែកក្រាស់ គាំទ្រដោយខ្សែស្រឡាយ ឬជាបណ្តាញរបស់សមត្ថកិច្ចខ្លួនឯងប៉ុណ្ណោះ ទើបបានជាមានភាពក្លាហាន ហ៊ានធ្វើសកម្មភាពដឹកជញ្ជូនទំនិញគេចពន្ធទ្រង់ទ្រាយធំបែបនេះ ឆ្លងកាត់ភ្នែកសមត្ថកិច្ចជាច្រើនដំណាក់កាល រហូតជិតនឹងឆ្លងដែនទៅប្រទេសថៃទៅហើយ។ សកម្មភាពបែបនេះ ហាក់បីដូចជាកំពុងតែផ្គើនទៅនឹងអនុសាសន៍ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ ដែលតែងតែក្រើនរំលឹក និងដាក់វិធានការក្តៅក្នុងការទប់ស្កាត់រាល់បទល្មើសគេចពន្ធ និងបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។
បច្ចុប្បន្ន ករណីនេះកំពុងស្ថិតក្នុងចំណាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច