ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃប្រេងឡើងថ្លៃវិញ ក្រោយអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz សាជាថ្មី ខណៈ លោកត្រាំ ព្រមានអាចបើកការវាយប្រហារថ្មី

ចែករំលែក៖

តម្លៃប្រេងពិភពលោកបានកើនឡើងនៅថ្ងៃចន្ទ បន្ទាប់ពីចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ថយចុះយ៉ាងខ្លាំង ខណៈកិច្ចពិភាក្សាលើកដំបូងរវាងមន្ត្រីអាមេរិក និងអ៊ីរ៉ង់ក្រោមកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន បានជួបការលំបាកតាំងពីដំណាក់កាលដំបូង។

តម្លៃប្រេង Brent បានកើនឡើង 54 សេន ឬ 0.67% ដល់ 81.11 ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេង WTI របស់សហរដ្ឋអាមេរិក បានហក់ឡើង 2.64% ដល់ 78.62 ដុល្លារក្នុងមួយបារ៉ែល។

ទិន្នន័យដឹកជញ្ជូនបានបង្ហាញថា ចំនួននាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz បានធ្លាក់ចុះយ៉ាងគំហុកកាលពីថ្ងៃអាទិត្យ បន្ទាប់ពីអ៊ីរ៉ង់ប្រកាសបិទផ្លូវទឹកដ៏សំខាន់នេះជាថ្មី ដោយចោទប្រកាន់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកថាបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន។

លោក Saul Kavonic ប្រធានផ្នែកស្រាវជ្រាវថាមពលនៃ MST Marquee បានលើកឡើងថា ទីផ្សារបានរំពឹងទុកលឿនពេកថាច្រកសមុទ្រ Hormuz នឹងបើកដំណើរការឡើងវិញជាធម្មតា។

លោកបន្ថែមថា អ៊ីរ៉ង់ទំនងជានឹងបន្តស្វែងរកហេតុផលផ្សេងៗដើម្បីរារាំងលំហូរប្រេងឆ្លងកាត់ច្រកសមុទ្រនេះ ព្រោះវានៅតែជាឧបករណ៍សម្ពាធដ៏សំខាន់របស់ទីក្រុងតេអេរ៉ង់។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា អាចនឹងបន្តការវាយប្រហារលើអ៊ីរ៉ង់ឡើងវិញ បើទោះបីជាអនុប្រធានាធិបតី JD Vance បានជួបមន្ត្រីអ៊ីរ៉ង់សម្រាប់កិច្ចពិភាក្សាជាលើកដំបូងក្រោមកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ។

អ៊ីរ៉ង់បានចោទប្រកាន់ថា សហរដ្ឋអាមេរិកមិនបានគោរពការសន្យាក្នុងការបញ្ឈប់អំពើហិង្សានៅប្រទេសលីបង់ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលនៅទីនោះបានសម្លាប់មនុស្សយ៉ាងហោចណាស់ 20 នាក់ កាលពីថ្ងៃសៅរ៍។

លោក Tony Sycamore អ្នកវិភាគទីផ្សារនៃ IG Markets បានព្រមានថា ស្ថានភាពនៅលីបង់នៅតែជាហានិភ័យធ្ងន់ធ្ងរចំពោះបទឈប់បាញ់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។

ទោះជាយ៉ាងណា តម្លៃប្រេងបានធ្លាក់ចុះជាង 8% កាលពីសប្តាហ៍មុន ដោយសារក្តីរំពឹងថាការផ្គត់ផ្គង់ប្រេងនឹងកើនឡើង ពីការដោះលែងទំនិញប្រេងដែលជាប់គាំងនៅតំបន់ឈូងសមុទ្រ និងលទ្ធភាពដែលសហរដ្ឋអាមេរិកអាចបន្ធូរបន្ថយទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៊ីរ៉ង់។

ប្រធានក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ លោក Hamid Bovard បានឱ្យដឹងថា ប្រេងជាង 25 លានបារ៉ែលរបស់អ៊ីរ៉ង់ បានឆ្លងកាត់តំបន់រឹតបន្តឹងនេះចាប់តាំងពីថ្ងៃចន្ទកន្លងមក។

ក្នុងពេលជាមួយគ្នា ប្រទេសអេមីរ៉ាតអារ៉ាប់រួម កូវ៉ែត និងអ៊ីរ៉ាក់ បានផ្តល់ការផ្គត់ផ្គង់ប្រេងបន្ថែមដល់អតិថិជនក្នុងសប្តាហ៍ចុងក្រោយនេះ ខណៈអ៊ីរ៉ាក់ក៏មានផែនការបង្កើនផលិតកម្មប្រេងបន្តិចម្តងៗដល់ចន្លោះ 4.2 ទៅ 4.3 លានបារ៉ែលក្នុងមួយថ្ងៃផងដែរ។

ការវិវត្តថ្មីៗទាំងនេះកំពុងធ្វើឱ្យទីផ្សារថាមពលពិភពលោកបន្តប្រឈមនឹងភាពមិនច្បាស់លាស់ ខណៈវិនិយោគិនកំពុងតាមដានយ៉ាងជិតស្និទ្ធលើស្ថានភាពភូមិសាស្ត្រនយោបាយ៕

ដោយ៖ ភារៈ


ចែករំលែក៖