ខេត្តបាត់ដំបង៖ សមត្ថកិច្ចខេត្តបាត់ដំបង បានអប់រំបុរសម្នាក់ដែលជាសមាជិកគណបក្សសង្រ្គោះជាតិ និងជាអ្នកសង្កេតការណ៍ចុះឈ្មោះឆ្នោត ឈ្មោះ ឌុច សាវុធ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ អង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយពីបុរសរូបនោះបានដើរនិយាយផ្សព្វផ្សាយបំប៉ោងព័ត៌មានថាមានអង្ករផ្លាស្ទីកនាំចូលពីប្រទេសវៀតណាម យកមកលក់នៅខេត្តបាត់ដំបង នៅមណ្ឌលចុះឈ្មោះបោះឆ្នោត ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ខណៈដែលមានប្រជាជនចូលទៅចុះបោះឆ្នោតយ៉ាងច្រើនកុះករនោះ គេមិនទាន់ដឹងថា ។
ទន្ទឹមនោះមន្រ្តីជំនាញ និងសមត្ថកិច្ចក៏បានកោះហៅបុរសឈ្មោះ ឌុច សាវុធមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងយកអង្ករ ដែលគាត់ទិញពីផ្សារ ដើម្បីធ្វើតេស្តជាក់ស្តែងចំពោះមុខគាត់ ដោយសមត្ថកិច្ចអះអាងជាបឋម អង្ករនោះជាអង្ករ ធម្មជាតិពិតប្រាកកដ គ្មានជាប់ពាក់ព័ន្ធនិងការផលិតអង្ករផ្លាស្ទីកអ្វីនោះទេ ។ មិនតែប៉ុណ្ណោះ កុំឱ្យបុរសនោះ ចេះដើរនិយាយបំប៉ោង មន្រ្តីជំនាញក៏បានយកអង្ករទៅពិនិត្យក្នុងមន្ទីរពិសោធន៍នៅអគ្គនាយកដ្ឋាន កាំកុងត្រូល បន្ថែមទៀត ដើម្បីយកលទ្ធផលបង្ហាញឱ្យគាត់បានយល់ ។ មិនតែប៉ុណ្ណោះ ពាក់ព័ន្ធនិងការផ្សព្វផ្សាយព័ត៌មានតាមហ្វេសប៊ុក ថាមានអង្ករផ្លាស្ទីក មានលក់នៅប្រទេសកម្ពុជា អគ្គនាយកកាំកុងត្រូល លោក ម៉ក់ ពេជ្ររិទ្ធ ក៏ធ្លាប់បានច្រានចោល ថាគ្មានការផលិតអង្ករផ្លាស្ទីកអ្វីនោះទេ លោក ក៏បានចេញមុខប្រកាសទិញអង្ករផ្លាស្ទីក ក្នុងតម្លៃទ្វេរ២ទៅ៣ដង នៃតម្លៃអង្ករលក់ បើសិនជាមានពិតប្រាកដមែននោះ ។
ការផ្សព្វផ្សាយបំប៉ោងព័ត៌មានពីបុរសដែលជាអ្នកសង្កេតការណ៍គណបក្សសង្រ្គោះជាតិគេមិនទាន់ដឹងថាជាចេតនា សម្រាប់កេងចំណេញផ្នែកនយោបាយរឺចង់វិច្ឆេទកម្មផ្នែកសេដ្ឋកិច្ចរឺយ៉ាងណានោះទេ រង់ចាំសមត្ថកិច្ច បន្តការស្រាវជ្រាស៊ើបអង្កេត ។ គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះថា ម្ចាស់ស្តង់អង្ករដែលមានឈ្មោះ ផល ឆុន រស់នៅក្នុងភូមិ អង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលបុរសជាសមាជិកគណបក្សសង្រ្គោះជាតិនោះទៅទិញ អង្ករកន្លែងគាត់ដើរនិយាយផ្សព្វផ្សាយថា លក់អង្ករផ្លាស្ទីកម្ចាស់ស្តង់ គ្រោងដាក់ពាក្យត្រៀមប្តឹងដែល បង្កប៉ះពាល់ កេរឈ្មោះស្តង់លក់អង្កររបស់គាត់ ៕ សំ វិច្ឆិកា