ភ្នំពេញ៖ ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ត្រូវបានប្រារព្ធឡើងនៅទីក្រុងវៀងចន្ទន៍។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានធ្វេីឡើងនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦នេះ ក៏មានការចូលរួមផ្ទាល់ពីសំណាក់តំណាងដៃគូវិស័យឯកជនកម្ពុជាចំនួន ៣០ ក្រុមហ៊ុនផងដែរ។
សមិទ្ធផលដ៏ធំធេងនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមកនេះ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងក្រសួងកសិកម្មនិងបរិស្ថានឡាវ ដើម្បីបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា ក្នុងការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦ មុខទៅកាន់ទីផ្សារចិន ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។
នេះជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីស្រឡាងសម្រាប់បងប្អូនកសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ។
ក្នុងពិធីសម្ពោធនេះ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការសាទរយ៉ាងខ្លាំង។ លោកបានគូសបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមក រវាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួង ជាមួយនឹងក្រសួងកសិកម្ម និងព្រៃឈើឡាវ ដើម្បីបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា ក្នុងការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦មុខ ទៅកាន់ទីផ្សារចិន រួមមាន៖ ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។
ច្រកថ្មីនេះនឹងជួយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងពេលវេលាដឹកជញ្ជូនពី ១៥ ទៅ ២០ថ្ងៃ មកសល់ត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ ដែលជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ការដឹកជញ្ជូនកសិផលស្រស់។ នេះគឺជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីស្រឡាងសម្រាប់កសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើឆាកអន្តរជាតិ។
លោក ឃឹម ហ្វីណង់ បានថ្លែងដូច្នេះថា៖ «ច្រកថ្មីនេះ នឹងអនុញ្ញាតឱ្យកសិផលស្រស់មួយចំនួន ដូចជា ទុរេន ស្វាយ មៀនប៉ៃលិន ក៏ដូចជាកសិផលផ្សេងៗទៀត អាចនាំចេញបានដោយជោគជ័យក្នុងរយៈពេលខ្លី និងកាត់បន្ថយភាពស្មុគស្មាញ ដែលនេះនឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កសិផលកម្ពុជាផងដែរ។ ខ្ញុំសង្ឃឹមថា កសិករ និងអាជីវករនៅក្នុងប្រទេសកម្ពុជា នឹងចាប់យកឱកាសនេះ»។
មកទល់ពេលនេះ មានកសិផលកម្ពុជាចំនួន ១៦ មុខហើយ ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន រួមមាន៖ អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច