ភ្នំពេញ៖ ក្រោមបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋ បាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យទីតាំងសង្ស័យនិងផ្សព្ធផ្សាយអនុក្រឹត្យលេខ ០៣ នៅតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន ១០១ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន៣៤១នាក់(ស្រី១១៨នាក់) គ្មានលិខិតឆ្លងដែន ២០នាក់ និងជនប្រព្រឹត្ដបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា ONLINE SCAMS ២៤នាក់ កំពុងកសាងឯកសារបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីហើយ ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ថា៖ ក្នុងចំណោមទីតាំងទាំង១០១នេះ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា១ករណី ស្ថិតនៅបុរីជីបម៉ុង៥០ម៉ែត្រ ភូមិគ្រឹះលេខ១១ ផ្លូវ P០៤ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២៤នាក់ (ស្រី១នាក់) ក្នុងនោះមានជនជាតិចិន ២៣នាក់និងជនជាតិម៉ាឡេស៊ី១នាក់ (ស្រី) ព្រមទាំងដកហូតសម្ភារមួយចំនួនរួមមាន៖ ម៉ូនីទ័រ២គ្រឿង ធុងCPU ១គ្រឿង កុំព្យូទ័រយួរដៃ២២គ្រឿង ទូរស័ព្ទ៦៩១គ្រឿង RouterWiFi ១គ្រឿង ដុំបំបែកអុីនធឺណេត(Wireless Access Point) ១០គ្រឿង ដុំសាកទូរស័ព្ទ១០គ្រឿង និងម៉ាស៊ីន DVR ១គ្រឿង។
តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពបញ្ចុះបញ្ចូលអូសទាញជនរងគ្រោះឱ្យចូលរួមវិនិយោគភាគហ៊ុនតាមប្រព័ន្ធបច្ចេកវិទ្យា និងមានគោលដៅទៅប្រទេសម៉ាឡេស៊ី។
លោកស្រី ដោ សម្ផស្ស បន្តថា៖ ដោយឡែកក្នុងប្រតិបត្តិការនេះដែរ រដ្ឋបាលខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរកឃើញទីតាំងប្រព្រឹត្តបទល្មើសប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន១ករណី ស្ថិតនៅខុនដូអេចសែនសុខ ជាន់ទី២៥ បន្ទប់A២ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២នាក់ (ប្រុស) ព្រមទាំងដកហូតសម្ភាររួមមាន៖ គ្រឿងញៀន៥កញ្ចប់ និងដបទឹកកែច្នៃសម្រាប់ប្រើប្រាស់គ្រឿង៤ដប។ បច្ចុប្បន្នជនសង្ស័យ និងសម្ភារទាំងអស់ដែលពាក់ព័ន្ធនឹងបទល្មើសទាំងពីរត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្ដនីតិវិធី។
សូមបញ្ជគ់ថា៖ ក្នុងរង្វង់ប្រតិបត្ដិការ៥ថ្ងៃចុះពិនិត្យទីតាំងសង្ស័យប្រព្រឹត្ដបទល្មើស ONLINE SCAMS នៅខណ្ឌសែនសុខ ,ដូនពេញ,៧មករា, មានជ័យ,ដង្កោ, ពោធិ៏សែនជ័យ រកឃីញជនបទរទេសស្នាក់នៅជិត២ពាន់នាក់ និងជនប្រព្រឹត្ដបទល្មើសជិត៤០នាក់ ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច