ព័ត៌មានទាន់ហេតុការណ៍៖

នៅទីបំផុត បញ្ហាដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ បានចូលដល់ដៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ទីក្រុងឡាអេហើយ

ចែករំលែក៖

ភ្នំពេញ ៖ បញ្ហាជម្លោះដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ បានចូលដល់ដៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (Permanent Court of Arbitration) នៅទីក្រុងឡាអេហើយ ដោយក្រឡាបញ្ជីដែលកាន់សំណុំរឿងវិវាទនេះនឹងជួបជាមួយសមាជិកនៃគណៈកម្មការផ្សះផ្សាចំនួន៤រូប ដែលត្រូវបានជ្រើសតាំងដើម្បីពិភាក្សាអំពីជំហានបន្ទាប់។

លោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់សារព័ត៌មាន នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៦ ថា ក្រឡាបញ្ជីកាន់សំណុំរឿងវិវាទរវាងកម្ពុជានិងថៃ បានធ្វើលិខិតប្រាប់មកភាគីទាំងពីរអំពីបញ្ហាដែលគេត្រូវទាក់ទងជាមួយនឹងអ្នកផ្សះផ្សាទាំងបួនរូបដើម្បីធ្វើការបន្តទៀត។ ចំពោះកម្ពុជា ការជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបដែលឆ្នើម និងជាអ្នកច្បាប់ល្បីៗហើយការជ្រើសរើសអ្នក ផ្សះផ្សាចំនួនពីររូបនេះ គឺត្រូវបានធ្វើឡើងដោយមានការប្រុងប្រយ័ត្នខ្ពស់និងថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយហើយបើលប្រវត្តិរូបក៏អាចដឹងថាជាមនុស្សឆ្នើម។

គិតចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដែលថៃបានជ្រើសតាំងអ្នកផ្សះផ្សាចំនួនពីររូប គឺគណៈកម្មការផ្សះផ្សាចំនួន៤រូប នៃប្រទេសទាំងពីរមានរយៈពេល៣០ថ្ងៃ ក្នុងការពិភាក្សាជ្រើសរើសប្រធានមួយរូប តាមនីតិវិធីអាចនឹងមានការពិគ្រោះយោបល់ជាមួយប្រទេសសមាជិកទាំង សងខាងដើម្បីរើសប្រធាន។ បន្ទាប់ពីជ្រើសរើសប្រធានរួចហើយទើបគេបន្តនីតិវិធីផ្ទៃក្នុងក្នុងការដំណើរការរឿងក្តី។

គួរបញ្ជាក់ផងដែរថា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាក៏ធ្លាប់បានបញ្ជាក់ថា ក្រោយកម្ពុជាជូនដំណឹងផ្លូវការទៅភាគីថៃនិង UN អំពីការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយ បង្ខំក្រោមអនុសញ្ញា UNCLOS, រយៈពេលបីសប្ដាហ៍ខាងមុខភាគីថៃត្រូវឆ្លើយតបចំពោះការជូន ដំណឹងជាផ្លូវការរបស់កម្ពុជា។ កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបដែលជាអ្នកច្បាប់ល្បីៗ ហើយភាគីថៃក៏ត្រូវជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបដែរ ដើម្បីឈានទៅជ្រើសរើសប្រធានដែលជាសមាជិកទី៥ ហើយបង្កើតទៅជាគណៈកម្មការនៃអ្នកផ្សះផ្សាសម្រាប់ការផ្ដល់យោបល់និងអនុសាសន៍លើការដោះស្រាយដោយសន្ដិវិធីជុំវិញបញ្ហាព្រំដែនសមុទ្រកម្ពុជានិងថៃ៕

ប្រភព ៖ (BTV)


ចែករំលែក៖