ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ បញ្ជាក់ពីសកម្មភាពកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានចុះទៅណែនាំ និងហាមមិនឱ្យស្រ្តីម្នាក់អង្គុយនៅទីតាំងសាធារណៈមួយចំនួនព្រោះគិតពីសុវត្ថិភាពប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានចែកចាយនៅតាមបណ្តាញសង្គមបានបង្ហោះវីដេអូ សកម្មភាពកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានចុះទៅណែនាំ និងហាមមិនឱ្យស្រ្តីម្នាក់ថតបង្ហោះនៅក្នុងវីដេអូអង្គុយនៅទីតាំងសាធារណៈមួយកន្លែងនៅក្នុងមូលដ្ឋានខណ្ឌភ្លាមនោះ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញស្រ្តីខាងលើ ដើម្បីមកធ្វើការស្រាយបំភ្លឺជូនគាត់ចំពោះករណីកាលពីយប់ម្សិលមិញ ថា៖

តាមពិតអាជ្ញាធរ មិនចង់ហាមឃាត់ស្រ្តី ដែលអង្គុយនៅទីតាំងនោះទេ គឺដោយសារអាជ្ញាធរមានបំណង ចង់រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អក្នុងសង្គមតែប៉ុណ្ណោះ។ កន្លងមក បងប្អូនមួយចំនួន និងក្រុមក្មេងៗតែងតែមកទាត់បាល់ ចាក់ធុងបាស់បង្កសំលេង ហូបចុកផឹកស៊ីតាមសួនមាត់ទន្លេដែលបង្កឱ្យមានភាពអនាធិប្បតេយ្យ និងរំខានដល់បងប្អូនដែលមានទីលំនៅនៅតំបន់នេះផ្ទាល់។

មិនត្រឹមតែប៉ុណ្ណោះ មួយរយៈនេះក៏បានសង្កេតឃើញផងដែរថា មានការជួបជុំពពាក់ពពួនគ្នាមានទាំងបុរស ទាំងនារី និងជនបរទេសមួយចំនួនផងដែរនាំគ្នាផឹកស៊ីស្រែកឡូឡា ជក់បារីដែលបណ្តាលឱ្យប៉ះពាល់ដល់បងប្អូនដទៃផ្សេងទៀតផង។ ដោយមើលឃើញដូចនេះ និងមានបំណងទប់ស្កាត់កុំឱ្យមានហេតុការណ៍ណាមួយកើតឡើងដោយយថាហេតុអាជ្ញាធរបានចុះអប់រំណែនាំជារៀងរាល់យប់ក្នុងចេតនារក្សាសន្តិសុខជូនបងប្អូនតែប៉ុណ្ណោះ។ បងប្អូនមានស្មារតីលេងកីឡាជារឿងល្អ ប៉ុន្តែបើយើងលេងខុសពេលខុសវេលាក៏មិនសមរម្យដែរ។

បន្ទាប់ពីបានធ្វើការបកស្រាយជូនស្រ្តីរូបនេះរួចមក ឃើញថា ដោយសារមានការភាន់ច្រឡំគ្នា ជាចុងក្រោយរដ្ឋបាលខណ្ឌដូនពេញ សូមបងប្អូនទាំងអស់មេត្តាយោគយល់ និងចូលរួមសហការឱ្យបានខ្ពស់ ដើម្បីធានាបានសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋទូទៅ៕

ដោយ៖តារា


ចែករំលែក៖