ភ្នំពេញ ៖ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. បានបង្ហាញយ៉ាងច្បាស់លាស់ និងបើកចំហអំពីយុទ្ធនាការយ៉ាងសកម្មរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងបានគូសបញ្ជាក់ថា ការរាតត្បាតនិងការគំរាមកំហែងនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះឡើយ ប៉ុន្តែវាជាវិបត្តិសកលដែលកំពុងកើតមានឡើងនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក។
ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS (Tokyo Broadcasting System Television) កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ លោក ឆៃ ស៊ីណារិទ្ធ បានគូសរំលេចថា ជនបរទេសជាច្រើនសញ្ជាតិ ត្រូវបានលួងលោមអូសទាញដោយក្រុមមេខ្លោងឧក្រិដ្ឋជនដើម្បីយកទឹកដីកម្ពុជាធ្វើជាទីតាំងលបលួចប្រព្រឹត្ត សកម្មភាពឆបោកទៅក្រៅប្រទេសវិញ។ ឈរលើតថភាពដែលកម្ពុជាកំពុងទទួលរងនូវការខូចខាតកេរ្តិ៍ឈ្មោះ ដោយសារការលួចបន្លំយកទឹកដីធ្វើជាកន្លែងប្រព្រឹត្តបទល្មើសនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រមូលផ្តុំកម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ទន្ទឹមនោះដែរ លោក ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់បន្ថែមថា កម្ពុជាក៏បានបង្កើត «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលជាលិខិតុបករណ៍គតិយុត្តដ៏មានសារៈសំខាន់ និងជាបុរេជំហានឈានមុខមួយ ដែលសូម្បីតែប្រទេសមួយចំនួន នៅក្នុងតំបន់ និងលើសកលលោកក៏មិនទាន់មាននៅឡើយ។
លោក ឆៃ ស៊ីណារិទ្ធ ក៏បានគូសបញ្ជាក់បន្ថែមថា យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីកម្ពុជា បាននិងកំពុងប្រព្រឹត្តទៅដោយភាពស្វាហាប់និងមោះមុតបំផុតទោះបីជាត្រូវប្រឈមនឹងភាពស្មុគស្មាញនិងឧបសគ្គជាច្រើនក្ដី។ ឈរលើស្មារតីនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តយ៉ាងដាច់ខាតតាមរយៈការដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចនិងរដ្ឋបាលរាជធានី-ខេត្ត ត្រូវរួមគ្នាកម្ទេចរាល់ទីតាំងឆបោកទាំងនេះឱ្យស្រឡះពីទឹកដីកម្ពុជា។ សម្រាប់រាជរដ្ឋាភិបាល ការធានានិងថែរក្សាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ការការពារកេរ្តិ៍ឈ្មោះនិងកិត្តិយសជាតិ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានសុវត្ថិភាពនិងរីកចម្រើនគឺជាកិច្ចការអាទិភាពនិងជាទិសដៅយុទ្ធសាស្ត្រក្នុងការដឹកនាំ។
សូមជម្រាបថា ជាលទ្ធផល ចាប់តាំងពីដើម ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង៥០០ទីតាំង ក្នុងរាជធានី-ខេត្ត ដើម្បីគ្រប់គ្រងហើយកំពុងបន្តការស៊ើបអង្កេតប្រមូលភស្តុតាង ក្នុងនោះបានបិទសៀល (Sealed) ចំនួនជាង៤០០ទីតាំងព្រមទាំងបានដកហូតនិងព្យួរអាជ្ញាបណ្ណកាស៊ីណូចំនួន២៥ទីតាំង។ ទន្ទឹមគ្នានេះ សមត្ថកិច្ចបានដំណើរការសំណុំរឿងក្នុងនីតិវិធីតុលាការចំនួន១៨៤ សំណុំរឿង ក្នុងនោះមាន៥៥សំណុំរឿងស្ថិតក្នុងដំណាក់កាលជំនុំជម្រះដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន១ ៧៦១នាក់ ខណៈជនជាប់សង្ស័យសញ្ជាតិបរទេសមានប្រមាណជាង២ពាន់នាក់ មាន៣៣សញ្ជាតិ៕

ប្រភព ៖ (កូនខ្មែរ)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច